OpenAI ដែលជាក្រុមហ៊ុនបង្កើត ChatGPT បានឈានដល់តម្លៃមូលធនទីផ្សារ ៥០០ពាន់លានដុល្លារជាលើកដំបូង បន្ទាប់ពីបុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងបច្ចុប្បន្ន និងអតីត បានសម្រេចលក់ភាគហ៊ុនក្នុងតម្លៃប្រហែល ៦,៦ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនវិនិយោគធំៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ជុំវិញតម្លៃថ្មីនេះ បានកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងតម្លៃ ៣០០ពាន់លានដុល្លារ កាលពីដើមឆ្នាំ២០២៥ នេះ ដោយគូសបញ្ជាក់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុម OpenAI ទាំងលើអ្នកប្រើប្រាស់ និងប្រាក់ចំណូល។
យ៉ាងណាមិញ ជុំវិញកិច្ចព្រមព្រៀងនេះ បុគ្គលិក OpenAI បានលក់ភាគហ៊ុនទៅឲ្យក្រុមហ៊ុនវិនិយោគធំៗ រួមមាន Soft Bank , Thrive Capital , Dragoneer Investment Group , MGX របស់ Abu Dhabi និង T. Rowe Price ជាដើម។
គួរឲ្យដឹងផងដែរថា ការលក់ភាគហ៊ុននេះ នឹងបន្ថែមទៅលើការវិនិយោគពីមុនរបស់ SoftBank ចំនួន ៤០ពាន់លានដុល្លារ ទៅក្នុង OpenAI។
បើតាមរបាយការណ៍កាលពីសប្តាហ៍មុន បានបង្ហាញថា OpenAI រកបានប្រាក់ចំណូលប្រហែល ៤,៣ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ពោលគឺកើនឡើងប្រហែល ១៦% ច្រើនជាងអ្វីដែលក្រុមហ៊ុនរកបានសរុប កាលពីឆ្នាំមុន។
ជម្រាបជូនថា ជុំវិញការលក់ភាគហ៊ុនរបស់ OpenAI នេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗជាច្រើន កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ខ្លួន៕

