កម្ពុជាត្រៀមបើកទីផ្សារនាំចេញស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលទៅកាន់រដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាជាមួយរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ត្រៀមបើកទីផ្សារនាំចេញស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលដទៃទៀតដើម្បីធានាសន្តិសុខស្បៀងរដ្ឋសារ៉ាវ៉ាក់ ខណៈកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្រ្តីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក ឌិត ទីណា បានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់រដ្ឋសារ៉ាវ៉ាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសការដោះដូរបច្ចេកទេសដាំដុះនិងលទ្ធភាពបើកទីផ្សារនាំចូលស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលដទៃទៀតពីកម្ពុជា ដើម្បីធានាសន្តិសុខស្បៀងរដ្ឋសារ៉ាវ៉ាក់។

លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានរំលេចអំពីឱកាសវិនិយោគលើវិស័យកែច្នៃ វេចខ្ចប់ និងនាំចេញកសិផលរបស់កម្ពុជា ដែលផ្ដល់ផលចំណេញ និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃភាគីទាំងពីរ។

ជាមួយគ្នានោះ ភាគីទាំងពីរ បានសហការបន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ និងភាពជាដៃគូដ៏រឹងមាំយូរអង្វែងក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី និងគាំទ្រវិនិយោគិនម៉ាឡេស៊ីក្នុងវិស័យកសិកម្មកម្ពុជាផងដែរ៕