នៅថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកដំបូង របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នៅទីស្តីការក្រសួងរៀបចំដែនដី។

ផ្អែកលើរបៀបរបបការងារ និងដំណើររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មី និងក្រោយពីការបង្កើតនូវបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រសួងទាំងពីរបានងាកមកគិតគូរលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការបើកទំព័រថ្មីសម្រាប់សង្គមជាតិទាំងមូល។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ផ្តើមចេញពីថ្ងៃនេះ យើងនឹងប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ដោយមានការឯកភាពគ្នាធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី កំណត់តំបន់ពាណិជ្ជកម្ម តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេស អាសយដ្ឋាន បង្គោលប្រតិភាគដែលជាខឿនសន្តិសុខជាតិ ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ចទៅតាមសក្តានុពលតំបន់នីមួយៗ ដោយប្រើប្រាស់អ្វីដែលយើងមាន។
ជាមួយគ្នានេះ ក្រសួងក៏បានគិតគូរលើការរៀបចំលំហសាធារណៈ ការដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម ដែលទាំងនេះគឺជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៏ជាក់លាក់របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើង និងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ៕















