អាមេរិក គ្រោងបញ្ចេញថវិកា ១៥ពាន់លានដុល្លារ ដើម្បីជួយសង្គ្រាះកសិករ

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសពីផែនការផ្តល់ជំនួយដល់កសិករដែលរងគ្រោះដោយសារភាពតានតឹងពាណិជ្ជកម្ម និងបញ្ហាក្នុងការប្រមូលផលនាពេលឆាប់ៗ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា កញ្ចប់ថវិកាសង្គ្រោះដំបូង នឹងមានចំនួនប្រហែល ១៥ពាន់លានដុល្លារ ដែលនេះត្រូវបានចាត់ទុកថាជាចំនួនហិរញ្ញវត្ថុចាំបាច់បំផុត សម្រាប់ជួយដល់កសិករឲ្យឆ្លងផុតរដូវកាលច្រូតកាត់។ ហើយរដ្ឋាភិបាល ក៏អាចនឹងផ្តល់ការគាំទ្របន្ថែមនៅពេលក្រោយទៀត ផងដែរ។

ប៉ុន្តែផែនការនេះអាចនឹងមានបញ្ហា ដោយសារតែការបិទរដ្ឋាភិបាលបានរារាំងសភាពីការចាត់វិធានការចាំបាច់ ដើម្បីអនុម័តវិក័យប័ត្រចំណាយដ៏ធំបែបនេះ ហើយមូលនិធិដែលមានស្រាប់ កំពុងមានភាពខ្វះខាតយ៉ាងខ្លាំង។

គួរឲ្យដឹងផងដែរថា កសិករភាគច្រើននៅតែបន្តគាំទ្រលើប្រធានាធីបតី លោក ដូណាល់ ត្រាំ ប៉ុន្តែពួកគេក៏កំពុងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ថែមទៀត ខណៈពេលដែលប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុត បានបញ្ឈប់ការទីញយកសណ្តែងសៀងរបស់អាមេរិក ក្នុងពេលប៉ុន្មានខែថ្មីៗនេះ។

ទន្ទឹមនឹងនេះ យោងតាមអ្នកនាំពាក្យក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បាននិយាយថា ប្រធានាធីបតីលោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថាលោក នឹងមិនបោះបង់ចោលកសិករទេ។ ដូច្នេះ USDA នឹងបន្តតាមដានស្ថានភាព និងពិចារណាពីតម្រូវការសម្រាប់ជំនួយបន្ថែម។

ជម្រាបជូនថា នៅឆ្នាំនេះ កសិករអាមេរិកត្រូវបានគេរំពឹងថានឹងទទួលបានជំនួយជាង ៤០ពាន់លានដុល្លារ ដែលភាគច្រើនទទួលបានមកពីជំនួយសង្គ្រោះគ្រោះមហន្តរាយ និងកម្មវិធីសេដ្ឋកិច្ចដែលអនុម័តដោយសភាកាលពីឆ្នាំមុន៕​