នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ នាថ្ងៃទី៧ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។

លោកក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពផងដែរ។  ដោយនាយករដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។

បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចការងាររបស់ លោក Roosevelt Skerrit មកកាន់ព្រះរាជាណាចក្រ- កម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕