អ្នកផលិតមាតិកា និងជាInfluencer ល្បីៗ មកពី៦ប្រទេស ប្តេជ្ញារួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនខ្លួន និងពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

អ្នកផលិតមាតិកា និងជាInfluencer ល្បីៗ មកពីអាម៉េរិក បារាំង អង់គ្លេស ចិន ហ្គាណា និងនីហ្សេរីយ៉ា ដែលបានស្រលាញ់ និងសម្រេចចិត្តរស់នៅកម្ពុជារហូត ព្រមទាំងប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនខ្លួន និងពិភពលោក។ នេះបើតាមរយៈជំនួបរវាង លោក លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយក្រុមអ្នកផលិតមាតិកា និងជា Influencer បរទេសល្បីៗ នៅប្រទេសកម្ពុជា ដឹកនាំដោយលោក Jesse McCaul កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក ហួត ហាក់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សកម្មលើការផលិត និងចែករំលែកមាតិកាល្អៗ ពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាកន្លងមកដល់ប្រជាជននៅប្រទេសកំណើតរបស់ខ្លួន និងប្រជាជនពិភពលោកទាំងមូល។

លោករដ្ឋមន្រ្តី ក៏បានស្នើដល់អ្នកផលិតមាតិកា និងជា Influencer ដែលមកពីប្រទេសផ្សេងៗ គ្នាតែមានចិត្តរួមគ្នាស្រលាញ់រស់នៅលើទឹកដីកម្ពុជាទាំងអស់យកចិត្តទុកដាក់ផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា ព្រមទាំង ពីសភាពការណ៍ពីតពីនយោបាយ សន្តិសុខ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការធានាសុខសុវត្ថិភាពភ្ញៀវទេសចររបស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដល់ Followers រាប់លាននាក់របស់ខ្លួនដែលនៅគ្រប់ទិសទីនៃពិភពលោក។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានសន្យារៀបចំលិខិតថ្លែងអំណរគុណ នឹងផ្តល់ជូនអ្នកផលិតមាតិកា និងជា Influencers ទាំងនេះ សម្រាប់ការដឹងគុណពីការចូលរួមចំណែកដ៏សំខាន់ និងវិជ្ជមានពីប្រទេសកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជារហូតមកដល់ពិភពលោកតាមរយៈការផ្សព្វផ្សាយដល់ Followers រាប់លាននាក់ពីគ្រប់ទិសទីនៃពិភពលោក។

សូមជម្រាបជូនដែរថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលទេសចរអន្តរជាតិមានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧.២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕