ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ការចុះបញ្ជីគម្រោងវិនិយោគរយៈពេល៩ខែនេះគឺមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល គ.វ.ក. បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការកត់សម្គាល់ថា ត្រឹមតែរយៈពេល៩ខែ ការចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង។

គួរបញ្ជាក់ថា ក្នុងរយៈពេល៩ខែមកនេះ គម្រោងវិនិយោគដែលបានចុះបញ្ជីទាំង៥៤៦គម្រោង អាចបង្កើតការងារបានប្រមាណ ៣៧៦ពាន់កន្លែង ក្នុងនោះស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ២១៤គម្រោង។ វិស័យឧស្សាហកម្មជាវិស័យឈានមុខគេ ដោយមានទុនវិនិយោគរហូតដល់ ៥,៣ប៊ីលានដុល្លារ, វិស័យបន្ទាប់គឺហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៩ប៊ីលានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្ម ៤០៥លានដុល្លារ និងទេសចរណ៍ ១៧៥លានដុល្លារ។
ចំណែកឯប្រភពទុនវិនិយោគក្នុងរយៈពេល៩ខែនេះ ប្រទេសចិននៅតែបន្តឈានមុខជាប្រទេសដែលមានប្រភពទុនវិនិយោគច្រើនជាងគេរហូតដល់៥២,៩៦% នៃទុនវិនិយោគសរុប ខណៈកម្ពុជាស្ថិតនៅលេខរៀងទី២ មានប្រមាណ ៣០,១៥% សិង្ហបុរី ៦,៩៣% វៀតណាម ៥,២៤% កោះ British Virgin ២,០១% អង់គ្លេស ០,៦៣% កោះ Cayman ០,៥១% កោះ Samoa ០,៤២% Bermuda ០,៣៣% សហរដ្ឋអាមេរិក ០,២៩%។
ចំណែកឯរាជធានីខេត្ត ដែលទទួលបានគម្រោង រួមមាន ខេត្តកំពង់ស្ពឺ ១២៥គម្រោង, ខេត្តស្វាយរៀង ១២២គម្រោង, រាជធានីភ្នំពេញ ៦៥គម្រោង, ខេត្តតាកែវ ៥៩គម្រោង, ខេត្តកោះកុង៤៦គម្រោង, ព្រះសីហនុ ៤៣គម្រោង, កណ្តាល៤១គម្រោង, កំពង់ឆ្នាំង១៦គម្រោង, ត្បូងឃ្មុំ៦គម្រោង, កំពត ៤គម្រោង, បាត់ដំបង និងកំពង់ចាម ៣គម្រោង, មណ្ឌលគិរី រតនគិរី កំពង់ធំ ពោធិ៍សាត់ ២គម្រោង, ស្ទឹងត្រែង ក្រចេះ ព្រៃវែង ប៉ៃលិន និងបន្ទាយមានជ័យ ១គម្រោង៕



