សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវលោក ចូ ​បៃដិន និងប្រធានាធិបតីអ៊ុយក្រែនមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារអំពាវវនាវដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូលូឌីម៉ាយ ​សេលេនស្គី ដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់
បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេស​គឺអ៊ុយក្រែនតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចេញសារអំពាវនាវរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅពេលនេះលើបណ្តាញសង្គមតេឡេក្រាមផ្ទាល់ខ្លួននៅថ្ងៃអាទិត្យនេះ បន្ទាប់ពីសារព័ត៌មានជុំវិញពិភពលោកផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។ ការណ៍នេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សឹបឆ្នាំឬដល់រយឆ្នាំទៀតផង​ ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្សុីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

សម្តេចតេជោ បានដកស្រង់បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី
អាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរក្នុងន័យដើមបែបនេះថា «ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយ
ទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»។

សូមជម្រាបជូនថា សង្គ្រាមរុស្សុី-អ៊ុយក្រែន បានផ្ទុះឡើងប្រមាណជាង១ឆ្នាំមកហើយនៅមិនទាន់មានការថមថយកម្លាំងប្រយុទ្ធនៅឡើយ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ កុម្ភៈ ពោល​មួយ​ថ្ងៃ​មុន​ខួប ១ឆ្នាំ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ចេញ​ពី​អ៊ុយក្រែន​ជា​បន្ទាន់ និង​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​ត្រឹមត្រូវ និង​យូរអង្វែង។

សេចក្តីសម្រេចចិត្ត​ដែល​គ្មាន​ការ​បង្ខិតបង្ខំ​បាន​ទទួល​សំឡេង​គាំទ្រ​ចំនួន ១៤១សំឡេង សំឡេង​ប្រឆាំង​ចំនួន ៧សំឡេង និង​សំឡេង​អនុបវាទ​ចំនួន ៣២សំឡេង​នៅ​ក្នុង​ចំណោម​សមាជិក​ទាំង ១៩៣ប្រទេស​របស់​អង្គការសហប្រជាជាតិ។ សំឡេង​ប្រឆាំង​ទាំង ៧សំឡេង​មាន​រុស្ស៊ី បេឡារុស ស៊ីរី កូរ៉េខាងជើង ម៉ាលី នីការ៉ាហ្កា និង​ប្រទេស​អេលីត្រេ។ ចំណែក​ចិន និង​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​បោះឆ្នោត​អនុបវាទ៕