រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានចេញសារថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ អេឡិចទ្រីខល ផៅវ័រ ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុង។

រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា ពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុង នឹងប្រព្រឹត្តទៅ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ជូនថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ សិស្សានុសិស្សនៅខេត្តកោះកុង ទទួលបាននិទ្ទេស A ចំនួន ២២នាក់, និទ្ទេស B ចំនួន ៥២នាក់, និទ្ទេស C ចំនួន ១៥៣នាក់ ,និទ្ទេស D ចំនួន ៣០៧នាក់ និងនិទ្ទេស E ចំនួន ៣១៦នាក់៕



