កម្ពុជា-ន័រវែស បានប្តេជ្ញារួមគ្នាជំរុញកិច្ចសហការរវាងវិស័យឯកជន ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ន័រវែស បានប្តេជ្ញារួមគ្នាជំរុញកិច្ចសហការរវាងវិស័យឯកជន ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំកម្ពុជា កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក តឹករ៉េត កំរង បានឱ្យដឹងថា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងអនុលោមភាពទៅនឹងបទប្បញ្ញត្តិនិងស្តង់ដារអន្តរជាតិ ដើម្បីត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ លោកស្រីបន្តថា ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ម ឆ្នាំ២០៣០ បង្កើតថ្នាលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal) និងជំរុញពាណិជ្ជកម្មឌីជីថល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ក៏បានស្នើសុំភាគីមិត្តពិចារណាលើការបង្កើតយន្តការរួមគ្នា និងកិច្ចពិគ្រោះយោបល់រវាងវិស័យឯកជន នៃប្រទេសទាំងពីរ ផងដែរ។

ជាកិច្ចឆ្លើយតប លោកស្រីឯកអគ្គរាជទូត ន័រវែស បានចែករំលែកអំពីស្ថានភាពសេដ្ឋកិច្ចន័រវែស និងស្វាគមន៍ចំពោះសំណើរបស់លោកស្រីរដ្ឋលេខាធិការ ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងកម្មវិធីពាក់ព័ន្ធនានាតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

សូមជម្រាបថា តាមរយៈជំនួបពិភាក្សាខាងលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងន័រវែស។ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈក្នុងការជួយជំរុញកិច្ចសហការរវាងវិស័យឯកជន ដែលជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ននិងចីរភាពថែមទៀត៕អត្ថបទ៖ហ្សាលីន