ក្រសួងសារធារណការ ពន្លឿនក្រុមហ៊ុនសាងសង់ស្ពានមេគង្គដីឥដ្ឋ-ថ្មគរ ឱ្យចប់តាមការគ្រោងទុក

សង្គម​ និង​សេដ្ឋកិច្ច

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ដើម្បីពន្លឿនការសាងសង់ឱ្យបានឆាប់រហ័សតាមការគ្រោងទុក។នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយ លោក ភី សុភាត់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ភី សុភាត់ បានឱ្យដឹងថា បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងចំនួ៤ សំខាន់ៗរួមមាន៖ ១). វិធានការណ៍សុវត្ថិភាពនៅផ្នែកផ្លូវក្រវាត់ក្រុងទី៣ ដែលបិទបណ្ដោះអាសន្ន និងចំណុចប្រសព្វនៃផ្លូវ ១១៦ ២).ត្រួតពិនិត្យតំបន់សំណង់សសរគ្រឹះនៃស្ពានលើអាកាស ត្រង់ PK1+540 និងយល់ដឹងអំពីវឌ្ឍនភាពសំណង់ និងការតេស្តសាកល្បងលទ្ធភាពទ្រទ្រង់របស់សសរគ្រឹះ ៣).ត្រួតពិនិត្យរោងចក្រជួសជុលដែកខាងលិចទន្លេ និងពិនិត្យការប្រតិបត្តិការលុបច្រែះដែកដោយម៉ាស៊ីនឡេស៊ែរ និង ៤).ត្រួតពិនិត្យតំបន់សំណង់គ្រឹះសសរក្នុងទឹកនៅខាងលិចទន្លេ ដើម្បីយល់ដឹងអំពីបច្ចេកទេសសាងសង់សសរគ្រឹះ។

ឆ្លៀតឱកាសនោះ លោកបានជំរុញឱ្យក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធត្រូវសហការគ្នាឱ្យបានល្អ ដើម្បីពន្លឿន ការសាងសង់ស្ពានមេគង្គដីឥដ្ឋ-ថ្មគរ ឱ្យបានកាន់តែឆាប់រហ័សតាមការគ្រោងទុក ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតក្នុងខេត្តនៅក្នុងខេត្តកណ្តាល មានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២ ១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)ខាងមុខនេះ៕អត្ថបទ៖ហ្សាលីន