កំពូលតារាឆ្នើម Cristiano Ronaldo កាលពីពេលថ្មីៗនេះ បានសម្រេចភាពជោគជ័យដ៏គួរឲ្យកត់សម្គាល់មួយទៀតហើយ នៅក្នុងអាជីពដ៏អស្ចារ្យរបស់ខ្លួន ដោយបានក្លាយជាកីឡាករបាល់ទាត់ដំបូងគេបង្អស់នៅលើពិភពលោក ដែលទទួលបានងារជាមហាសេដ្ឋី។

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់គេហទំព័រនិយាយពីសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី៨ ខែតុលាថា ទ្រព្យសម្បត្តិសរុបរបស់ Ronaldo ឥឡូវនេះ មានចំនួនរហូតដល់ទៅ ១,៤ពាន់លានដុល្លារ ដែលនេះជាលើកដំបូងហើយ សម្រាប់កីឡាករបាល់ទាត់ ដែលអាចឈានដល់ចំនួនលុយដ៏ច្រើនបែបនេះ។
គួរឲ្យដឹងផងដែរថា បើតាមការវាយតម្លៃរបស់ប្រភពដដែលនេះ បានបង្ហា្យដឹងទៀតថា ការដែលអាចឈានដល់ចំនួនទ្រព្យសម្បត្តិដ៏ច្រើនបែបនេះ គឺដោយសារតែ Ronaldo ទទួលបានពីប្រាក់ចំណូលអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន រួមជាមួយការវិនិយោគ កិច្ចព្រមព្រៀងគាំទ្រ ការកែតម្រូវពន្ធ និងការអនុវត្តទីផ្សារ ជាដើម។
ជម្រាបជូនផងដែរថា ខ្សែប្រយុទ្ធសញ្ជាតព័រទុយហ្គាល់រូបនេះ បានចាយពេលលើអាជីពរបស់ខ្លួនអស់រយៈពេលជាង ២ ទសវត្សមកហើយ ដោយបានចូលរួមលេងឲ្យបណ្តាក្លិបកំពូលៗនៅអឺរ៉ុបជាច្រើន ដូចជា Manchester United , Real Madrid និង Juventus ជាដើម មុនពេលបន្តមកចូលរួមក្លិបរបស់អារ៉ាប៊ីសាអូឌីត Al-Nassr ៕

