ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីពេលថ្មីៗនេះ បានធ្វើការព្រមានថា ប្រទេសចិនអាចនឹងប្រឈមមខុទៅនឹងការដាក់ពន្ធគយខ្ពស់ពីសំណាក់សហភាពអឺរ៉ុប ប្រសិនបើខ្លួនមិនព្រមរកវិធីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ពួកគេទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Macron បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិនថា៖” ខ្ញុំបានព្យាយាមពន្យល់ដល់ចិនថា អតិរេកពាណិជ្ជកម្មរបស់ពួកគេមិនអាចមាននិរន្តរភាពបានទេ ពីព្រោះពួកគេកំពុងសម្លាប់អតិថិជនរបស់ពួកគេហើយ ជាពិសេសនៅពេលដែលប្រទេសចិនស្ទើតែនាំចូលទំនិញពីយើងទាំងស្រុងហើយនោះ។ ខ្ញុំធ្លាប់បាននិយាយថា ប្រសិនបើពួកគេមិនឆ្លើយតប អឺរ៉ុបនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីបារាំងរូបនេះ បានសង្កត់ធ្ងន់ទៀតថា វិធានការបែបនេះអាចនឹងត្រូវធ្វើឡើងបន្តលើជំហានដែលសហរដ្ឋអាមេរិកបានអនុវត្តរួចហើយ ដូចជាការដាក់ពន្ធគយខ្ពស់លើផលិតផលចិនជាដើម។
គួរឲ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU) ក្នុងទំនិញជាមួយប្រទេសចិន ដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានកើនឡើងជិត ៦០% ចាប់តាំងពីឆ្នាំ២០១៩ មក។ ឱនភាពនេះត្រូវបានគេរំពឹងថានឹងលើសពី ៣០០ពាន់លានអឺរ៉ូ (៣៥០ពាន់លានដុល្លារ) នៅឆ្នាំ២០២៤ ។ នេះបើយោងទិន្នន័យទទួលបានពី Les Echos។
ជម្រាបជូនថា លោក Macron ដែលជាមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់សហភាពអឺរ៉ុប បន្ទាប់ពីអាល្លឺម៉ង់ បានទទួលស្គាល់ថាវានឹងពិបាកក្នុងការឈានដល់ការឯកភាពគ្នាទូទាំងប្លុក លើការដាក់ពន្ធប្រឆាំងនឹងប្រទេសចិន ព្រោះថារហូតមដល់ពេលនេះ សមាជិកមួយចំនួនមិនទាន់មានការឯកភាពគ្នានៅឡើយទេ៕

