លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឱ្យកាន់តែប្រសើរថែមទៀត បើទោះបីការដោះស្រាយបញ្ហាលិចលង់នេះ មានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តី។

ការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាប្រឡាយលូនៅរាជធានីភ្នំពេញ យើងបាននឹងកំពុងធ្វើការស្ដារ លូ ប្រឡាយក៏ដូចជាស្ថាបនាលូថ្មីមួយចំនួន ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយពេលនេះយើងដោះស្រាយបានមួយកម្រិតធំហើយ បើទោះបីមានភ្លៀងធ្លាក់ធំក្នុងកម្រិតណាក៏ដោយ ពោលគឺអាចដោះស្រាយលិចលង់បាន ក្នុងរយៈពេលខ្លីមិនច្រើនម៉ោងដូចកាលពីមុនទេ។

លោកបានបន្តថា ការស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាលក្រោមការណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យរាជធានីភ្នំពេញ ដោះស្រាយបាននូវការលិចលង់បានមួយកម្រិតធំថែមទៀត។
ជាក់ស្ដែងនៅផ្នែកខាងជើង ឆៀងខាងលិចរាជធានីភ្នំពេញដោះស្រាយនូវការលិចលង់បានយ៉ាងល្អប្រសើរ។ ចំណែកនៅភាគខាងត្បូង ឆៀងខាងកើតរាជធានីភ្នំពេញវិញ យើងក៏នឹងអាចដោះស្រាយបញ្ហាលិចលង់នេះបានល្អដែរ នៅពេលយើងតភ្ជាប់ប្រព័ន្ធលូរួចរាល់។
សូមជម្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនឹងក្រសួងធនធានទឹក កំពុងអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ តែយ៉ាងណារដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះនេះ គឺមិនបានគ្របដណ្តប់លើតំបន់មួយចំនួន នៃខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងជំហានដំបូងនោះឡើយ៕

