កម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើ “វិស័យប្រេងនិងឧស្ម័ន”

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជានិងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យប្រេងនិងឧស្ម័ន ដើម្បីជំរុញការអភិវឌ្ឍទីផ្សារថាមពលនៅកម្ពុជាឱ្យកាន់តែមានវឌ្ឍនភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្ដេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាដែលផ្តោតសំខាន់លើ «ទីផ្សារឧស្ម័ននៅកម្ពុជា» ភាគីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះឱកាសវិនិយោគ និងលទ្ធភាពដ៏មានសក្តានុពលក្នុងការកសាងភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ ភាគីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម បានអះអាងថានឹងនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាយ៉ាងជិតស្និទ្ធបន្ថែមទៀត បើទោះបីជាបច្ចុប្បន្នទីផ្សារថាមពលនៅតំបន់អាស៊ីបូព៌ាកំពុងជួបប្រឈមនឹងស្ថានភាពមិនប្រាកដប្រជាក៏ដោយ។

ជំនួបនេះឆ្លុះបញ្ចាំងឱ្យឃើញពីការបើកចំហ និងការទាក់ទាញការវិនិយោគពីបរទេសរបស់កម្ពុជា ក្នុងគោលដៅធានាឱ្យបាននូវសន្តិសុខថាមពល និងការរីកចម្រើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព៕