ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា លោកនឹងស្នើសុំគោលការណ៍ទៅថ្នាក់លើ ដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបន្តពង្រឹងការចុះអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្រោយការអប់រំរយៈពេល ៣ខែកន្លងមកនេះ ពុំទទួលបានលទ្ធផលល្អ ផ្ទុយមកវិញ គឺកកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ដោយបានឆក់យកអាយុជីវិតមនុស្សក៏ច្រើន រួមទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ។

ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់បែបនេះថា៖ “សាកល្បង៣ខែហើយ ធ្វើឱ្យយើងគ្មានទំនុកចិត្តនោះទេ យើងការពារអាយុជីវិត និងទ្រព្យសម្បត្តិពួកគាត់អត់បាន។ កំណើនគ្រោះថ្នាក់ចរាចរណ៍ហួសហេតុ ការបង្ករគ្រោះថ្នាក់ចរាចរណ៍ដោយស្ថានភាពស្រវឹង។ យើងសាកល្បងមិនចុះត្រួតពិនិត្យស្ថានភាពស្រវឹង មាន៦%គ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនមាន ៦៦% ទៅ ៧០% នៅពេលយប់”។
“យើងនឹងធ្វើការវាយតម្លៃ ហើយយើងនឹងស្នើសុំទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាឯកឧត្តមអភិសន្តិបណ្ឌិតក្រសួងមហាផ្ទៃ ត្រូវតែសុំគោលការណ៍រឹងបន្តឹងច្បាប់ឡើងវិញ។ ច្បាប់នៅតែច្បាប់ មិនមានរឿងកែប្រែ មិនមានហួសពេលផុតកំណត់អ្វីនោះទេ។ ៣ខែនេះ គ្រាន់តែជាការសាកល្បង តើប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់មធ្យោបាយនៅតាមដងផ្លូវរបស់យើងមួយចំនួន គាត់បានគោរពច្បាប់ ឬនៅ? ឥឡូវយើងឃើញថា ករណីកើនឡើងបែបនេះ គឺដោយសារពួកគាត់មិនគោរពច្បាប់”។ ឯកឧត្តម ជួន ណារិន្ទ បានបន្ត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន យើងមើលឃើញថា ៣០% ទៅ ៤០% អ្នកជិះម៉ូតូនៅតាមដងផ្លូវសាធារណៈ លែងពាក់មួកសុវត្ថិភាពទៀតហើយ កុំថាឡើយពេលយប់ ឬពេលថ្ងៃ។ តើយើងបណ្តែតបណ្តោយឱ្យបងប្អូនយើងបាត់បង់ជីវិត គ្រោះថ្នាក់ពិការ ដោយសារយើងសាកល្បងមិនឱ្យចាប់ផាកពិនិ័យអនុវត្តច្បាប់ ដោយគ្រាន់តែណែនាំគាត់តទៅទៀតបានដែរទេ? លោកសុខចិត្តទទួលការរិះគន់ តែលោកចង់បានមកវិញ នូវស្ថេរភាពក្នុងសង្គម ភាពសុខសាន្ត សុខុដុមរមនា ទាំងអាយុជីវិត សម្ភារៈមធ្យោបាយ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរួមរបស់សាធារណៈ។
គួររំឭកថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានប្រកាសចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ។ ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ៕


