សម្តេចធិបតី បញ្ជាក់ជាថ្មីថា មិនលក់អាកាសយានដ្ឋានចាស់ ទៅឱ្យក្រុមហ៊ុនឯកជនណាមួយនោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំហរជាថ្មីថា មិនលក់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ឱ្យក្រុមហ៊ុនឯកជនណានោះទេ ពោលគឺរដ្ឋាភិបាលនឹងទុកប្រើប្រាស់អាកាសយានដ្ឋានចាស់នេះ ក្នុងគោលបំណងសំខាន់ចំនួន២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ថា ប្រជាពលរដ្ឋ ចូលកម្សាន្តក្នងបរិវេណអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៦។ ការបើកដំណើរការរយៈពេលចូលឆ្នាំថ្មី ដើម្បីបងប្អូនប្រជាពលរដ្ឋបានចូលលេងកម្សាន្ត និងហាត់កីឡា។

សម្តេចធិបតី បន្តថា បន្ថែមលើនោះ ការបើកសាកល្បងក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ ក៏ជាមូលដ្ឋានដែលក្រុមការងារយកធ្វើការវាយតម្លៃ ដើម្បីធ្វើការរៀបចំការងារមួយចំនួនបន្ថែម រួមទាំងការងារហេដ្ឋារចនាសម្ព័ន្ធ ការដាំដើមឈើ ។ល។

ជាថ្មីម្តងទៀត សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ក្នុងគោលដៅធ្វើឲ្យបរិស្ថានបរិវេណអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាន់តែប្រសើឡើង សម្រាប់បើកជូនប្រជាពលរដ្ឋ ចូលលេងកម្សាន្តនិងហាត់ប្រាណប្រចាំថ្ងៃនៅពេលឆាប់ៗខាងមុខ តាមគោលការណ៍ដែលសម្តេចធ្លាប់បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖

១. មិនលក់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ឱ្យក្រុមហ៊ុនឯកជនណានោះទេ។

២. រក្សាទុក្ខជាទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រើប្រាស់ក្នុងគោលបំណងពីរគឺ៖ ១) ជាព្រលានយន្តហោះបម្រុង និង ២) ជាទីកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅបានចូលកំសាន្តនិងហាត់កីឡា៕ អត្ថបទ៖ហ្សាលីន