លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំទ្រការសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលរងការប៉ះពាល់ដោយសង្គ្រាម ជាមួយក្រុមហ៊ុនហ្គ្រេប(ខេមបូឌា)ឯ.ក ដឹកនាំដោយលោក កង សុវណ្ណារ៉ូត អគ្គនាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

លោកបណ្ឌិតសភាចារ្យ បានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Grab (Cambodia) Co., Ltd បរិច្ចាគថវិកាចំនួន ១២៩,៩០០ ដុល្លារអាមេរិក ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រើប្រាស់សម្រាប់គម្រោងសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅសាលាបឋមសិក្សាមនោរម្យ ១+២ ដែលស្ថិតក្នុងភូមិសែនមនោរម្យ ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សមាសភាគសំខាន់ៗនៃគម្រោងសាងសង់រួមមាន៖ អគារសិក្សាថ្មី ចំនួន ៦ បន្ទប់, ការបំពាក់គ្រឿងបរិក្ខារសិក្សា រួមមាន តុ កៅអី និងក្តារខៀន, អគារបង្គន់អនាម័យ ចំនួន ៥ បន្ទប់, អាងស្តុកទឹកកម្ពស់ខ្ពស់ដែលមានចំណុះ ១០,០០០ លីត្រ, ដងទង់ជាតិ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមគាំទ្រដល់ការសាងសង់សាលារៀននេះ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌របស់ក្រុមហ៊ុន Grab ។ ដោយលោកបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែផ្ដល់នូវអគារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់កុមារនៅតាមតំបន់ព្រំដែន ជាពិសេសផ្តល់ក្តីសង្ឃឹមឡើងវិញដល់កុមារដែលរស់នៅតាមតំបន់ព្រំដែន។
គួរបញ្ជាក់ថា មកទល់ពេលនេះមានសាលារៀនជាប់បន្ទាត់ព្រំដែន៧ខេត្ត បានបិទទ្វារសរុប១០៩១សាលា ធ្វើឱ្យប៉ះពាល់ដល់គ្រូបង្រៀន១១៩២២នាក់ និងសិស្ស២៥៤៤៨០នាក់៕


