ក្រោយដាក់ពន្ធបន្ថែម លោក ត្រាំ ថាអាមេរិក គ្រាន់តែចង់ជួយចិនប៉ុណ្ណោះ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ​ បាននិយាយថា សហរដ្ឋអាមេរិក ចង់ជួយប្រទេសចិន មិនមែនចង់ឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសនេះនោះឡើយ ពោលគឺបន្ទាប់ពីការប្រកាសដំឡើងពន្ធបន្ថែមទៅលើទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១២ ខែតុលា លោក ត្រាំ​ បាននិយាយ៖​” កុំបារម្ភអំពីប្រទេសចិនអី​ អ្វីៗនឹងល្អប្រសើរ។ លោកប្រធានាធិតី ស៊ី ជិនពីង គ្រាន់តែមានអារម្មណ៍មិនល្អប៉ុណ្ណោះ។ លោកច្បាស់ជាមិនចង់ឲ្យប្រទេសរបស់លោក ធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធំនោះទេ ហើយខ្ញុំក៏មិនចង់ដូចគ្នា”។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការចុងក្រោយរបស់លោក ត្រាំ នេះ ហាក់កំពុងបង្ហាញពីអាកប្បកិរិយាផ្សះផ្សាចំពោះទីក្រុងប៉េកាំងឡើងវិញ បន្ទាប់ពីលោកបានប្រកាសដាក់ពន្ធ ១០០% បន្ថែមលើទំនិញរបស់ចិន ដែលទាក់ទងទៅនឹងបញ្ហារបស់ប្រទេសនេះ ដែលរឹតបន្តឹងលើការនាំចេញធនធានរ៉ែកម្រ។

មិនតែប៉ុណ្ណោះ នៅមុននេះ មេដឹកនាំអាមេរិកក៏បានគំរាមលុបចោលជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងត្រូវធ្វើឡើងនៅចុងខែនេះ ផងដែរ។ សកម្មភាពកើនឡើងជាបន្តបន្ទាប់បែបនេះ បានធ្វើឱ្យអ្នកជំនាញព្រួយបារម្ភថាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក អាចផ្ទុះឡើងម្តងទៀត៕​