យោងតាមឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Tomas Taraba បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះថា នាយករដ្ឋមន្ត្រី លោក Robert Fico បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ បន្ទាប់ពីលោកត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារជាច្រើនគ្រាប់ ក្នុងការប៉ុនប៉ងធ្វើឃាត។
គួរឲ្យដឹងថា លោក Fico បានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារមួយ ក្នុងទីក្រុង Handlova ដែលជាកន្លែងលោកបានបញ្ចប់កិច្ចប្រជុំនៅទីនោះ។
ប៉ុន្តែបើតាមឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Tomas Taraba បានបង្ហើបទៅកាន់សារព័ត៌មាន BBC ថា ក្រោយទទួលបានការវះកាត់ជាង ៤ម៉ោងមក ឥឡូវនេះ លោក Fico បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ ប៉ុន្តែទោះជាយ៉ាងរបួសរបស់លោក នៅតែមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Matus Sutaj Estoka ក៏បាននិយាយផងដែរថា ជុំវិញមូលហេតុប៉ុនប៉ងធ្វើឃាតទៅលើនាយករដ្ឋមន្ត្រី លោក Fico នេះ គឺអាចកើតចេញពីហេតុផលនយោបាយក្នុងប្រទេសប៉ុណ្ណោះ បើទោះបីជាមេដឹកនាំរូបនេះ កន្លងមកធ្លាប់ត្រូវបានគេរិះគន់ខ្លាំង សម្រាប់ការអំពាវនាវឲ្យមានការបញ្ចប់ការផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែន និងបញ្ចប់ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ក៏ដោយ៕