លោក ត្រាំ កំពុងពិនិត្យមើលសំណើរបស់អ៊ីរ៉ង់ដែលមានបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ

អន្តរជាតិ

ក្រុមសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិនិត្យសំណើរបស់អ៊ីរ៉ង់ដែលមានគោលបំណងបញ្ឈប់សង្គ្រាមរួមគ្នាជាមួយអ៊ីស្រាអែល រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងពន្យារពេលការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់រហូតដល់សង្គ្រាមបញ្ចប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Al Jazeera។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេតវិមានបានបញ្ជាក់ថា លោក ត្រាំ បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់លោក កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីផែនការនេះ ខណៈពេលដែលរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា លោកមិនពេញចិត្តនឹងសំណើនេះទេ ព្រោះវាជាការពន្យារពេលចំពោះការចរចាលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលត្រូវបានជូនដំណឹងអំពីកិច្ចប្រជុំនេះ បាននិយាយថា លោក ត្រាំ ចង់ឲ្យបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានដោះស្រាយសិន នៅពេលចាប់ផ្តើមការចរចាណាមួយ។

សំណើនេះបានកើតឡើងចំពេលមានភាពមិនប្រាកដប្រជាជុំវិញការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ទីក្រុងតេអេរ៉ង់នឹងមិនចូលរួមការចរចាណាមួយនោះទេ ខណៈពេលដែលសហរដ្ឋអាមេរិក រក្សាការរឹតបន្តឹងលើកំពង់ផែអ៊ីរ៉ង់។

ជម្រាបជូនថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានយល់ព្រមលើបទឈប់បាញ់បណ្ដោះអាសន្ននៅថ្ងៃទី៨ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាងមួយខែ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់៕​