RCMs ប្ដេជ្ញា នឹងខិតខំប្រឹងប្រែងជំរុញឱ្យមានការដោះលែងយុទ្ធជនកម្ពុជាទាំង១៨ ឱ្យមកកម្ពុជាវិញ

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី. RCMs) ប្រចាំភូមិភាគ (បាងកក) បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងលើការងារយុទ្ធជនដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងរបស់យោធាថៃ ឱ្យមានការដោះលែងមកកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជាមួយលោក ចច ម៉ុនតានី (Mr. Jurg Montani) ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី. RCMs) ប្រចាំភូមិភាគ កាលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អាយ.ស៊ី.អរ.ស៊ី ដែលបានអញ្ជើញចុះសួរសុខទុក្ខជាលើកទី២ ជាមួយយុទ្ធជនកម្ពុជាចំនួន ១៨រូប ដែលត្រូវបានថៃបានចាប់យក និងដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអរគុណចំពោះការនាំយកសារលិខិតរបស់គ្រួសារយុទ្ធជនតាមរយៈកាកបាទក្រហមកម្ពុជា យកទៅជូនដល់ដៃយុទ្ធជនយើងទាំង១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ហើយបានយកត្រលប់មកវិញជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីយកជូនដល់គ្រួសារយុទ្ធជនវិញ។

លោកជំទាវថា នេះជាដំណឹងដ៏មានតម្លៃមហាសាលសម្រាប់ក្រុមគ្រួសារយុទ្ធជន រាជរដ្ឋាភិបាល និងសម្រាប់ប្រជាជនកម្ពុជា ដែលតែងតែទន្ទឹមរង់ចាំដំណឹងពិតប្រាកដរបស់យុទ្ធជនយើង។

ថ្លែងក្នុងជំនួបនោះ លោកប្រធានប្រតិភូ RCMs បានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងលើការងារយុទ្ធជនដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងរបស់យោធាថៃ ឱ្យមានការដោះលែងមកកម្ពុជាវិញ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ។ លើសពីនោះ​ លោកបានបញ្ជាក់ថា តាមការចុះទៅសួរសុខទុក្ខ និងប្រគល់សំបុត្ររបស់គ្រួសារយុទ្ធជន ជូនដល់យុទ្ធជនទាំង១៨នាក់ ទាំង២លើកមកនេះ គឺសម្គាល់ឃើញថាស្ថានភាពសុខភាពរបស់គាត់ទាំងអស់គ្នា គឺមានសុខភាពល្អ”។

សូមជម្រាបថា គិតត្រឹមថ្ងៃនេះ ជាថ្ងៃទី៧៧ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕​អត្ថបទ៖ហ្សាលីន