នាយករដ្ឋមន្រ្តីចិន បដិសណ្ឋារកិច្ចផ្លូវការសម្តេច ហ៊ុន សែន យ៉ាងកក់ក្តៅបំផុត និងសម្ពោធជាផ្លូវការឆ្នាំមិត្តភាពកម្ពុជា-ចិន

សង្គម​និង​សេដ្ឋកិច្ច

ក្រោយមានជំនួបពិភាក្សាការងារជាមួយប្រធានាធិបតី លោក ស៊ី ជិនពីង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន លោក លី សានស៊ូ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅរដ្ឋធានីប៉េកាំងរយៈពេល ៣ថ្ងៃ ហើយនៅរសៀលថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន បន្តមានជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបដិសណ្ឋារកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានធ្វើឡើងនៅវេលារសៀលថ្ងៃទី១០ ខែកុម្ភៈនេះ នៅក្នុងសាលនៃមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង ក្រោមវត្តមាននៃការធ្វើគារវកិច្ចវស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសមភាគីចិន លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីទាំងពីរ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។

ក្រោយជំនួបនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ទន្ទឹមនឹងនោះ ក្រោយជំនួបទ្វេភាគី សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង ក៏បានអញ្ជើញជាអធិបតីពិធីសម្ពោធជាផ្លូវការ ឆ្នាំមិត្តភាពកម្ពុជា-ចិន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ ត្រូវបានរំពឹងថា នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕