កម្ពុជា បានបង្កើតខ្សែទស្សនកិច្ចតភ្ជាប់ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ ដែលនឹងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងថែមទៀត រវាងប៉ូលទេសចរណ៍ដ៏សំខាន់ទាំងពីររបស់កម្ពុជា។

នេះបើតាមការឱ្យដឹងពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការតភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ នៅសណ្ឋាគារសង្គហមិត្តខេត្តកែប កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
លោក ហួត ហាក់ បានឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងរករួមគ្នានូវយុទ្ធសាស្ត្រគន្លឹះ ដើម្បីជំរុញការស្នាក់នៅរបស់ភ្ញៀវទេសចរ ឱ្យស្នាក់នៅបានកាន់តែយូរជាងមុន និងចំណាយឱ្យបានច្រើនជាងមុន តាមរយៈការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍ ពីតំបន់បេតិកភណ្ឌសៀមរាប-អង្គរមកកាន់ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ទាំង៤ រួមមាន ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង។
លោករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ ឧកញ៉ា ហ៊ី សុធា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា, ឧកញ៉ា លោក លោកស្រីសមាជិក សមាជិកា នៃក្រុមប្រឹក្សាសមាគមសណ្ឋាគារកម្ពុជា ឧកញ៉ា លោក លោកស្រីប្រតិបត្តិករទេសចរណ៍ ក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ ដែលតែងតែខិតខំចូលរួមយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍, ក្នុងស្មារតីមហាគ្រួសារវិស័យទេសចរណ៍, ក្នុងការពង្រឹង និងពង្រីកផលិតផល និងសេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដា និងនវានុវត្តន៍តំបន់ និងអន្តរជាតិ ពិសេសបានចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងស្នាក់នៅ នៅកម្ពុជា ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបានគូសបញ្ជាក់ថា ដើម្បីចូលរួមបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា, ការយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រវិស័យទេសចរណ៍, ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍, ការធ្វើពិពិធកម្មផលិតផលទេសចរណ៍, ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍, និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តភ្ជាប់ គឺការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរួមគ្នាពីគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជានៅក្នុងតំបន់ និងសកលលោក ។
សូមជម្រាបជូនថា រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។


