ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជា«សម្តេចព្រះរាជគ្រូព្រះប្រធានមណ្ឌលព្រះកម្មដ្ឋាន»

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងសម្តេចព្រះភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ជាសម្តេចព្រះរាជគ្រូព្រះប្រធានមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៧៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងព្រះជន្ម ៧៨ព្រះវស្សា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាដឹកនាំសង្ឃដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍន៍សង្គមនាពេលអតីតាល និងបច្ចុប្បន្ន។

មណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ស្ថិតក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ហើយត្រូវបានសម្ពោធនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក្រោមព្រះវត្តមានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងមានការនិមន្ត អញ្ជើញចូលរួមព្រះសង្ឃ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

មណ្ឌលព្រះកម្មដ្ឋាននេះ មានទំហំសរុបចំនួន ១,០០៤ម៉ែត្រក្រឡា និងចាប់ផ្តើមដំណើការកសាងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ មណ្ឌលព្រះកម្មដ្ឋាននេះ កសាងឡើងតាមការអនុញ្ញាតរបស់អាជ្ញាធរជាតិអប្សរា ដែលសាងសង់អំពីឈើប្រមាណ ៩៨ភាគរយ ក្នុងនោះមានដូចជា ធម្មសាលាមានបណ្តោយ ២៨ម៉ែត្រ ទទឹង ១៤ម៉ែត្រ កំពស់ ១២ម៉ែត្រ រោងធម្មមានបណ្តោយ ៩ម៉ែត្រ ទទឹង ៦ម៉ែត្រ កំពស់ ១០ម៉ែត្រ និងកុដិ២ ទំហំ ៤ម៉ែត្រគុណ៤ម៉ែត្រ កំពស់ ៧ម៉ែត្រ បន្ទប់ទឹកចំនួន២ ទំហំ ៤ម៉ែត្រ គុណ ៣ម៉ែត្រ កំពស់៧ម៉ែត្រ។ មណ្ឌលព្រះកម្មដ្ឋាននេះ នឹងបម្រើពុទ្ធសាសនា និងសង្គមជាតិទាំងមូលយ៉ាងធំធេង៕