សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក អាន វេងស្រ៊ុន អគ្គនាយកក្រុមហ៊ុន វាសនាកសិកម្ម ឯ.ក ជា «ឧកញ៉ា» នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក អាន វេងស្រ៊ុន ជាពាណិជ្ជករមួយរូប ដែលតែងបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ ជាក់ស្តែងនៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា មានសង្គ្រាមជាមួយប្រទេសថៃ ដោយសារតែការឈ្លានពាន, លោក អាន វេងស្រ៊ុន រួមជាមួយក្រុមគ្រួសារ បានចូលរួមចំណែកយ៉ាងច្រើន តាមរយៈការនាំយក អំណោយជាគ្រឿងបរិភោគ សម្ភារ និងថវិកាទៅចែកជូនកងកម្លាំងប្រដាប់អាវុធ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងនៅទិសប្រាសាទព្រះវិហារ។
គួររំឭកថា កាលខែកញ្ញា ឆ្នាំ២០២១ អំឡុងពេលប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ-១៩ លោកឧកញ៉ា អាន ម៉ាឌី និងលោក អាន វេងស្រ៊ុន ម្ចាស់សណ្ឋាគារសុវណ្ណភូមិ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ក៏បានផ្ដល់ទីតាំងយ៉ាងល្អប្រណិត ចំនួន ៥២បន្ទប់ ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរៀបចំធ្វើជាទីតាំងមណ្ឌលចត្តាឡីស័ក ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំផងដែរ៕




