ឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរខេត្តកណ្តាល ក្នុងការរៀបចំបែបផែនសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងកំពុងសាងសង់ផ្លូវអាទិភាព ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

ការលើកឡើងរបស់លោកឧកញ៉ាខាងលើនេះ គឺបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃមកនេះ ពិសេសនៅថ្ងៃទី១៤ ខែកញ្ញា មានប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរយ៉ាងច្រើនកោះករ បានសម្រុកទៅទស្សនាសមិទ្ធផលថ្មី អាកាសយានដ្ឋានអន្តរជាតិតេជោ ធ្វើឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ទោះយ៉ាងណា លោកឧកញ៉ា បញ្ជាក់ថា ក្រុមហ៊ុននៅអាចគ្រប់គ្រងស្ថានការណ៍បាន ពុំមានការប៉ះពាល់ដល់អ្នកដំណើរនោះទេ។
លោកឧកញ៉ានាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត បានបញ្ជាក់កាលពីថ្ងៃទី១៤ ខែកញ្ញា បែបនេះថា គិតត្រឹមម៉ោងប្រមាណជាង៧ល្ងាចថ្ងៃទី ១៤ កញ្ញានេះ ចំនួនពលរដ្ឋនៅតែសម្រុកចូលមកព្រលានថ្មី ខណៈដែលចំនួននេះ បានណែនតាន់តាប់តាំងពីថ្ងៃត្រង់។ យ៉ាងណាក្តី សម្រាប់លោកឧកញ៉ា ដើម្បីដោះស្រាយជាមួយចំនួនយ៉ាងគំហុក អាជ្ញាធរខេត្តកណ្តាល សហការជាមួយក្រុមហ៊ុន CAIC បានរៀបចំជាបែបផែនសម្រួលដល់ការធ្វើដំណើរចូលតាមដំណាក់កាល និងផ្តល់អាទិភាពដល់បុគ្គលិក អ្នកដំណើរជាសំខាន់។
លោកឧកញ៉ា វ៉ាន់ ឆារស៍ បានឱ្យដឹងបន្ថែមទៀតថា ក្រៅពីសម្រួលនៅការងារខាងលើ ក្រុមការងារព្រលានក៏នៅមានវិធីសាស្ត្រច្រើនទៀត ពោលគឺផ្លូវអាទិភាពដែលក្រុមហ៊ុនមិនទាន់បានបើកដំណើរការ ដែលជាខ្សែផ្លូវសាគួរជាច្រើនទៀតសម្រាប់តែអ្នកដំណើរ អ្នកដំណើរសម្រាប់ហោះហើរ និងក្រុមមនុស្សសំខាន់ៗជាច្រើនទៀត។ ដូច្នេះសម្រាប់ កំណើនចំនួនមនុស្សសម្រុកចូលនៅថ្ងៃនេះ ក្រុមហ៊ុនអាចគ្រប់គ្រងបានល្អ មិនប៉ះពាល់ដល់អ្នកដំណើរនោះទេ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មុននឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕



