លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជា និងជប៉ុន ជាដៃគូដ៏យូរអង្វែង និងប្រកបដោយថាមវ័ន្ត ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងបំណងប្រាថ្នារួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។

នេះបើយោងតាមសុន្ទរកថាខ្លីអបអរសាទររបស់ លោក ប្រាក់ សុខុន ក្នុងពិធីគម្រប់ខួបលើកទី៦០ នៃការបញ្ជូនអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស (Japan Overseas Cooperation Volunteers) នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
លោក ប្រាក់ សុខុន បានថ្លែងថា ការប្រារព្ធខួបលើកទី៦០នៃការបង្កើតក្រុមអ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការ ក្រៅប្រទេស (JOCV) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាព អន្តរជាតិ និងការចូលរួមចំណែកដ៏មានអត្ថន័យចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក ក្នុងរយៈពេល៦ទសវត្សរ៍កន្លងមកនេះ។
លោកបន្តថា ប្រវត្តិរបស់អ្នកស្ម័គ្រចិត្តជប៉ុន ក៏ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពកាន់តែទូលំទូលាយ និងស៊ី ជម្រៅរវាងកម្ពុជា និងជប៉ុនផងដែរ។ ដោយប្រទេសយើងទាំងពីរជាដៃគូដ៏យូរអង្វែង និងប្រកបដោយថាមវ័ន្ត ដោយ ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងបំណងប្រាថ្នារួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និង វិបុលភាព។ ជាច្រើនឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរមានការរីកចម្រើនលើវិស័យ នានាជាច្រើន រួមមានជំនួយអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន ទឹកស្អាត និងការផ្លាស់ប្តូរវប្បធម៌។
លោកបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន នឹងត្រូវបានបន្តពង្រឹងបន្ថែមទៀត តាមរយៈចំណងដ៏ជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាទៀងទាត់ ក្នុងនោះមានដំណើរទស្សនកិច្ចការងារផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសជប៉ុនកាលពីខែឧសភាកន្លងទៅ ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ។
ការដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ គឺជាទំព័រថ្មីមួយក្នុងដំណើររួមគ្នារបស់ប្រទេសយើងទាំងពីរ ដែលបញ្ជាក់សាជា ថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក និង ស្ថិរភាពក្នុងតំបន់។
បើតាមលោក ប្រាក់ សុខុន ជប៉ុនជាមិត្តជិតស្និទ្ធរបស់កម្ពុជាតាំងពីយូរលង់ណាស់មកហើយ ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដំណើរការសន្តិភាពរបស់កម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ៩០ និងការកសាងឡើងវិញ និងការអភិវឌ្ឍកម្ពុជា ក្រោយជម្លោះ។ ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន (ODA) បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុង ការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍនៅកម្ពុជា។
សូមជម្រាបជូនដែរថា កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ ដំបូងគេ ដែលបានទទួលអ្នកស្ម័គ្រចិត្ត JOCV នៅឆ្នាំ ១៩៦៥ ។ ការទទួលអ្នកស្ម័គ្រដំបូងនេះ គឺជាមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់មិត្តភាពដ៏ស៊ីជម្រៅ និងយូរអង្វែងរវាងកម្ពុជានិងជប៉ុន ហើយមិត្តភាពនេះបាននិងកំពុងបន្តរីកចម្រើន ប្រកបដោយភាពរឹងមាំ និងមានខ្លឹមសារ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ការរួមចំណែករបស់អ្នកស្ម័គ្រចិត្តទាំងនេះក្នុងវិស័យសំខាន់ៗដូចជា៖ អប់រំ អភិបាលកិច្ច សុខាភិបាល កសិកម្ម កីឡា សាធារណៈការ និងទឹកស្អាត/អគ្គិសនី បាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា៕




