នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានដឹកនាំប្រតិភូ ជាថ្នាក់ដឹកនាំ និងសមាជិក ដែលពាក់ព័ន្ធនឹងវិស័យផលិតកម្ម រួមជាមួយ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប និងសហការី ចុះទស្សនកិច្ច និងប្រជុំពិភាក្សាជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងជំនួបប្រជុំដ៏សំខាន់នេះ ត្រូវបានទទួលយ៉ាងកក់ក្តៅ ពីឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង ឯកឧត្តម កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិ លោក នេត មុនីប៉ុណ្ណាកា ប្រធានមន្ទីររាជធានី នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ បានគូសបញ្ជាក់ថា ជំនួបពិភាក្សានេះជាគោលបំណង ដើម្បីស្វែងយល់ស្តីពីការគាំទ្ររបស់វិទ្យាស្ថានទៅអ្នកផលិតទាំងអស់ ក្រោមជំនួយរបស់សាធារណៈរដ្ឋកូរ៉េ។ វិទ្យាស្ថានមានការផ្តល់ជូននូវ ៣ ចំណុចសំខាន់ៗរួមមាន៖ ទី១ ការផលិតគម្រូផលិត, ទី២ ការធ្វើតេស្តស្តង់ដាផលិតផល និងទី៣ ការប្រឹក្សាយោបល់ក្នុងការផលិត៕










