គណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ដើម្បីពិភាក្សាកិច្ចដំណើរការជ្រើសរើសមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ជាមន្ទីរពិសោធន៍យោង និងមន្ទីរពិសោធន៍ផ្លូវការនៅកម្ពុជា។

លើកឡើងនៅក្នុងកិច្ចប្រជុំនេះ លោក ហែម វណ្ណឌី បានឱ្យដឹងថា សុវត្ថិភាពម្ហូបអាហារគឺជាអាទិភាពជាតិ ដែលទាមទារភាពជាក់លាក់ផ្នែកបច្ចេកទេស និងការសម្របសម្រួលស្ថាប័ន។ គោលដៅរបស់យើងគឺរៀបចំយន្តការជ្រើសរើសមន្ទីរពិសោធន៍ផ្លូវការ និងមន្ទីរពិសោធន៍យោង សម្រាប់វិភាគម្ហូបអាហារ ព្រមទាំងអាចទទួលបានការគាំទ្រ និងពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់ភាពអនុលោមនៃមន្ទីរពិសោធន៍ទាំងនោះ។
លោក បានបន្ថែមថា សុវត្ថិភាពម្ហូបអាហារប៉ះពាល់ផ្ទាល់ដល់សុខភាពអ្នកប្រើប្រាស់ និងទំនុកចិត្តទីផ្សារ ហើយការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍វិភាគម្ហូបអាហារ ដោយផ្អែកលើស្តង់ដារបច្ចេកទេស មានសារៈសំខាន់ ដើម្បីធានាថាមន្ទីរពិសោធន៍ទាំងនោះដំណើរការ និងផ្តល់លទ្ធផលវិភាគប្រកបដោយគុណភាព ភាពជឿជាក់ និងប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោក ហែម វណ្ណឌី ក៏បានរំលឹកថា ការវាយតម្លៃទទួលស្គាល់ជាតិ និងអន្តរជាតិនឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍វិភាគម្ហូបអាហារនៅកម្ពុជា ដែលនឹងបម្រើជាសសរស្តម្ភសម្រាប់ការពារសុខភាពសាធារណៈ និងកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់លើផលិតផលម្ហូបអាហារនៅកម្ពុជា។
សូមជម្រាបជូនថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ អង្គប្រជុំ បានអនុម័តលើដំណើរការនៃការជ្រើសរើសមន្ទីរពិសោធន៍ផ្លូវការ និងមន្ទីរពិសោធន៍យោង រាប់ចាប់ពីការដាក់ពាក្យស្នើសុំ និងការត្រួតពិនិត្យដល់ទីតាំង រហូតដល់ការសម្រេចជ្រើសរើស និងការចេញវិញ្ញាបនបត្រ សម្រាប់មន្ទីរពិសោធន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕








