ក្រសួងការបរទេស បញ្ជាក់ជាថ្មីនៅសាធារណរដ្ឋអ៊ូហ្កង់ដា ថា ជម្លោះព្រំដែនកម្ពុជា-ថៃ គឺជំហរកម្ពុជាដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (19th NAM Ministerial Meeting) នៅរដ្ឋធានីកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្កង់ដា ថា នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ គឺកម្ពុជាប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (19th NAM Ministerial Meeting)  ក្រោមមូលបទ “ការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពសកលរួមគ្នា”  ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ដល់ ១៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីកាំប៉ាឡា លោក កាន់ ផារិទ្ធ បានធ្វើសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ពីជំហរឥតងាករេរបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍មូលដ្ឋាននៃ NAM រួមមាន ការគោរពចំពោះអធិបតេយ្យ បូរណភាពដែនដី និងការដោះស្រាយវិវាទដោយសន្តិវិធី។

អំពីជម្លោះព្រំដែនកម្ពុជា-ថៃ លោករដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំថា កម្ពុជាជានិច្ចជាកាលតែងតែឈរលើគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ អ្វីដែលកម្ពុជាកំពុងស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ សមធម៌ និងស្របតាមមូលដ្ឋានច្បាប់ ដែលអាចធានាសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ៕