តម្លៃមាសពិភពលោកបច្ចុប្បន្នកំពុងបន្តកើនឡើងយ៉ាងខ្លាំងដោយឈានដល់ចំនួនលើស ៤ ៣០០ដុល្លារ ក្នុងមួយអោន ពោលគឺរំលងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតម្លៃមាសបានកើនឡើងដល់តម្លៃបំបែកកំណត់ត្រា ៤ ២០០ដុល្លារ/អោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការជួយដូរចុងក្រោយ នៅថ្ងៃទី១៦ ខែតុលា តម្លៃមាសពិភពលោក បានកើនឡើង ១១៨ដុល្លារបន្ថែមទៀត ដោយធ្វើឲ្យចំនួនសរុបកើនឡើងដល់ ៤ ៣២៥ដុល្លារ ក្នុងមួយអោន។ ហើយសម្រាប់ការជួញដូរ គិតនៅត្រឹមព្រឹកថ្ងៃទី១៧ ខែតុលានេះ តម្លៃមាស បានបន្តហក់ឡើងដល់ ៤ ៣៦៧ដុល្លារ។
គួរឲ្យដឹងផងដែរថា នេះជាការកើនឡើងយ៉ាងខ្លាំង នៅក្នុងការជួញដូរជាបន្តបន្ទាប់។ ទីផ្សារមាសពិភពលោក បានកើនឡើងយ៉ាងខ្លាំង នៅពេលដែលវិនិយោគិន ប្រញាប់ប្រញាល់ស្វែងទ្រព្យសុវត្ថិភាព ចំពេលកំពុងមានភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ខណៈពេលមានក្តីរំពឹងទុកថា ធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តកាត់បន្ថយអត្រាការប្រាក់ ផងដែរ។
ជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំមក តម្លៃលោហៈដ៏មានតម្លៃនេះបានកើនឡើងជាង ៦០% រួចមកហើយ ដោយភាគច្រើនដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ ការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់របស់ Fed អំណាចទិញរបស់ធនាគារកណ្តាល និងការសម្រុកដកប្រាក់ដុល្លារ ជាដើម៕

