Meta តែងតាំងអតីតទីប្រឹក្សារបស់លោក ត្រាំ​ ឲ្យកាន់តំណែងជាប្រធាន និងអនុប្រធានក្រុមហ៊ុន

អន្តរជាតិ

Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook កាលពីថ្ងៃទី១២ ខែមករា បានប្រកាសតែងតាំងលោកស្រី Dina Powell McCormick ឲ្យឡើងកាន់តំណែងជាប្រធាន និងជាអនុប្រធានក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Powell McCormick បានចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Meta កាលពីក្នុងខែមេសា ឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកស្រី បានប្រកាសលាលែងចេញពីតំណែងវិញ នៅក្នុងខែធ្នូ។ នេះបើយោងតាមឯកសារដែលត្រូវបានដាក់ជូនគណៈកម្មការមូលបត្រ និងផ្សារហ៊ុនសហរដ្ឋអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Meta បានប្រកាសថា លោកស្រី Powell McCormick បានវិលត្រលប់មកកាន់ក្រុមហ៊ុនសារជាថ្មី ដោយនឹងបម្រើការជាសមាជិកនៃគណៈគ្រប់គ្រងក្រុមហ៊ុន ហើយនឹងជួយណែនាំយុទ្ធសាស្រ្ត និងការអនុវត្តរបស់ក្រុមហ៊ុនផងដែរ។

ទន្ទឹមនឹងនេះ​ លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”​យោងតាមបទពិសោធរបស់លោកស្រី Dina គឺស្ថិតនៅកម្រិតខ្ពស់បំផុតនៃហិរញ្ញវត្ថុសកល រួមផ្សំជាមួយនឹងទំនាក់ទំនងជ្រៅជ្រះរបស់លោកស្រីនៅជុំវិញពិភពលោក ដែលធ្វើឲ្យលោកស្រីស័ក្តិសមជាពិសេសក្នុងការជួយ Meta គ្រប់គ្រងដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់ក្រុមហ៊ុន ក្នុងនាមជាប្រធាន និងជាអនុប្រធាន”។

ជម្រាបជូនថា មុនពេលចូលរួមជាមួយ Meta លោកស្រី Powell McCormick ធ្លាប់បានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងបានបម្រើការក្រោមការដឹកនាំរបស់លោកស្រី Condoleezza Rice រដ្ឋមន្ត្រីការបរទេសក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី George W. Bush ផងដែរ៕