យោងតាមនិយតករទីផ្សាររបស់ប្រទេសចិន បង្ហាញឲ្យដឹងនៅថ្ងៃទី១៧ ខែតុលាថា ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ចិន BYD នឹងធ្វើការប្រមូលរថយន្តមកវិញក្នុងទ្រង់ទ្រាយធំបំផុត ដោយារតែបញ្ហាការរចនា និងហានិភ័យសុវត្ថភាពទាក់ទងទៅនឹងថ្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន BYD បានដាក់ឯកសារមួយទៅកាន់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ ដើម្បីស្នើសុំប្រមូលរថយន្តម៉ូដែល Tang series ចំនួន ៤៤ ៥៣៥ គ្រឿងដែលផលិតនៅចន្លោះខែមីនា ឆ្នាំ២០១៥ ដល់ខែកក្កដា ឆ្នាំ២០១៧ ដោយសារតែមានគុណវិបត្តិទៅលើផ្នែករចនាសមាសធាតុមួយចំនួនដែលអាចបណ្តាលឲ្យមានមុខងារដំណើរការមិនប្រក្រតី។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានប្រកាសប្រមូលរថយន្តអគ្គិសនីចំពោះម៉ូដែល Yuan Pro របស់ខ្លួន ដែលផលិតនៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២២ ចំនួនសរុប ៧១ ២៤៨ គ្រឿងផងដែរ ដោយសារតែបញ្ហាផលិតកម្មប៉ះពាល់ដល់ការដំឡើងថ្មក្នុងរថយន្ត។
ជម្រាបជូនថានេះ នេះមិនមែនជាលើកដំបូងនោះឡើយ ដែលក្រុមហ៊ុន BYD ប្រកាសប្រមូលរថយន្តមកវិញបែបនេះ ដោយនៅក្នុងខែមករា ក្រុមហ៊ុនបានប្រមូលមកវិញនូវរថយន្ត Fangchengbao Bao 5 Plug-in Hybrid Off-Road SUV ចំនួន ៦ ៨៤៣ គ្រឿង ដោយលើកឡើងពីហានិភ័យអគ្គីភ័យ។ ហើយនៅមុននោះទៀត ក្រុមហ៊ុន ក៏បានប្រមូលរថយន្តម៉ូដែល Dolphin និង Yuan Plus EVs ជិត ៩៧ ០០០ គ្រឿងមកវិញ ដោយសារកំហុសក្នុងការផលិតពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងដៃចង្កូត ផងដែរ៕

