កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសថា ខ្លួននឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មប្រេង និងឧស្ម័ននៅមជ្ឈិមបូព៌ា ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ត្រូវបានវាយប្រហារដូចគ្នានោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសនៅថ្ងៃទី១២ ខែមីនា ថា៖”យើងសូមព្រមានដល់រដ្ឋាភិបាល និងសម្ព័ន្ធមិត្តដែលឈ្លានពានថា សូម្បីតែការវាយប្រហារតិចតួចបំផុតលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែរបស់អ៊ីរ៉ង់ នឹងនាំឲ្យមានការឆ្លើយតបដ៏ខ្លាំងក្លា និងបំផ្លិចបំផ្លាញភ្លាមៗ ត្រលប់ទៅវិញ”។
យោងតាម IRGC ហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នទាំងអស់ដែលផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងត្រូវដុតបំផ្លាញប្រសិនបើរឿងនេះកើតឡើង។
យ៉ាងណាមិញ នៅក្នុងបទសម្ភាសដាច់ដោយឡែកជាមួយសារព័ត៌មាន AFP អនុរដ្ឋមន្ត្រីការបរទេស លោក Majid Takht-Ravanchi បានថ្លែងថា អ៊ីរ៉ង់កំពុងធ្វើសកម្មភាពតែក្នុងន័យការពារខ្លួន ហើយចង់ធានាថាខ្លួននឹងមិនរងការឈ្លានពានម្តងទៀតឡើយ។ លោកក៏បានបញ្ជាក់ផងដែរថា ទីក្រុងតេអេរ៉ង់ ត្រូវបានប្រទេសជាមិត្តជាច្រើនទាក់ទងដើម្បីសម្របសម្រួលជម្លោះនេះ ប៉ុន្តែមិនបានបញ្ចេញឈ្មោះប្រទេសទាំងនោះជាក់លាក់នោះទេ។
ជម្រាបជូនថា អ៊ីរ៉ង់កំពុងកំណត់គោលដៅជាបន្តបន្ទាប់លើនាវាដឹកទំនិញអន្តរជាតិនៅក្នុងច្រកសមុទ្រ Hormuz ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ព្រមទាំងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសឈូងសមុទ្រដូចជារោងចក្រប្រេង និងឧស្ម័ន ដើម្បីសងសឹកចំពោះយុទ្ធនាការដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ៕

