រដ្ឋមន្ត្រីការពារសហរដ្ឋអាមេរិក លោក Pete Hegseth បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង នៅពេលដែលលោកពាក់ក្រវាត់កមានពណ៌ស ខៀវ និងក្រហម ដែលស្រដៀងទៅនឹងពណ៌ទង់ជាតិរបស់រុស្ស៊ី ក្នុងអំឡុងចូលរួមកិច្ចប្រជុំរវាងមេដឹកនាំកំពូលអាមេរិក និងអ៊ុយក្រែន នៅសេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលទានអាហារថ្ងៃត្រង់ជាមួយភាគីអ៊ុយក្រែន លោក Volodymyr Zelensky នៅសេតវិមានកាលពីថ្ងៃទី១៧ ខែតុលា។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីគណៈរដ្ឋមន្ត្រីអាមេរិកដូចជា អនុប្រធានាធិបតី លោក JD Vance រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ Pete Hegseth ផងដែរ។
ក្នុងអំឡុងពេលនោះ លោក Hegseth បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយពាក់ក្រវាត់កពណ៌ស ខៀវ និងក្រហម ដែលមនុស្សជាច្រើនចាប់អារម្មណ៍ថាស្រដៀងនឹងទង់ជាតិរបស់រុស្ស៊ី។
ជុំវិញបញ្ហានេះ អតីតមន្ត្រីយោធាអាមេរិក លោក Jake Broe បានសរសេរបង្ហាញមតិរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ៖ “Pete Hegseth បានបង្ហាញវត្តមានក្នុងជំនួបជាមួយប្រធានាធិបតី Zelensky នៅសេតវិមាននៅថ្ងៃនេះ ដោយពាក់ក្រវ៉ាត់កជាមួយនឹងពណ៌ទាំងបីដែលជាទង់ជាតិរបស់រុស្ស៊ី។ មនុស្សទាំងនេះពិតជាស្រលាញ់លោកពូទីន និងរុស្ស៊ីខ្លាំងណាស់”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ លោក Hegseth ហាក់មិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយណាមួយពាក់ព័ន្ធជាមួយនឹងការជ្រើសរើសក្រវាត់ករបស់ខ្លួន ក្នុងការពាក់ចូលរួមកិច្ចប្រជុំដ៏សំខាន់នេះនៅឡើយនោះទេ៕

