រដ្ឋមន្ត្រីការពារជាតិអាមេរិក ផ្ទុះការរិះគន់ក្រោយពាក់ក្រវាត់កពណ៌ស្រដៀងទង់ជាតិរុស្ស៊ី ចូលតុប្រជុំជាមួយអ៊ុយក្រែន

អន្តរជាតិ

រដ្ឋមន្ត្រីការពារសហរដ្ឋអាមេរិក លោក Pete Hegseth បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង នៅពេលដែលលោកពាក់ក្រវាត់កមានពណ៌ស ខៀវ និងក្រហម ដែលស្រដៀងទៅនឹងពណ៌ទង់ជាតិរបស់រុស្ស៊ី ក្នុងអំឡុងចូលរួមកិច្ចប្រជុំរវាងមេដឹកនាំកំពូលអាមេរិក និងអ៊ុយក្រែន នៅសេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលទានអាហារថ្ងៃត្រង់ជាមួយភាគីអ៊ុយក្រែន លោក Volodymyr Zelensky នៅសេតវិមានកាលពីថ្ងៃទី១៧ ខែតុលា។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីគណៈរដ្ឋមន្ត្រីអាមេរិកដូចជា អនុប្រធានាធិបតី​ លោក JD Vance រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ Pete Hegseth ផងដែរ។

ក្នុងអំឡុងពេលនោះ លោក Hegseth បានទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាងខ្លាំងដោយ​ពាក់ក្រវាត់កពណ៌​ស ខៀវ និង​ក្រហម ដែលមនុស្សជាច្រើនចាប់អារម្មណ៍ថា​ស្រដៀង​នឹង​ទង់ជាតិ​របស់រុស្ស៊ី។

ជុំវិញបញ្ហានេះ អតីតមន្ត្រីយោធាអាមេរិក លោក Jake Broe បានសរសេរបង្ហាញមតិរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ៖ “Pete Hegseth បានបង្ហាញវត្តមានក្នុងជំនួបជាមួយប្រធានាធិបតី Zelensky នៅសេតវិមាននៅថ្ងៃនេះ ដោយពាក់ក្រវ៉ាត់កជាមួយនឹងពណ៌ទាំងបីដែលជាទង់ជាតិរបស់រុស្ស៊ី។ មនុស្សទាំងនេះពិតជាស្រលាញ់លោកពូទីន និងរុស្ស៊ីខ្លាំងណាស់”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ លោក Hegseth ហាក់មិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយណាមួយពាក់ព័ន្ធជាមួយនឹងការជ្រើសរើសក្រវាត់ករបស់ខ្លួន ក្នុងការពាក់ចូលរួមកិច្ចប្រជុំដ៏សំខាន់នេះនៅឡើយនោះទេ៕​