លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតណាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន ព្រមទាំងជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ លានដុល្លារអាម៉េរិក និងបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ២,៦០០ ហិកតា ដោយចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ 

អាកាសយានដ្ឋាននេះ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព។ ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានបែងចែកជា៣ដំណាក់កាល គឺ៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់២០៣០ ដែលអាចទទួលអ្នកដំណើរ១៥លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដែលអាចទទួលអ្នកដំណើរចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់ទទួលអ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ។