«សិក្ខាសាលាស្ដីពីការបង្កើតកាលានុវត្តភាពធុរកិច្ចសកលតាមរយៈហុងកុង សហការរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង»

សមាគមឧកញ៉ាកម្ពុជា

នាថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង បានសហការរៀបចំ «សិក្ខាសាលាស្ដីពីការបង្កើតកាលានុវត្តភាពធុរកិច្ចសកល តាមរយៈហុងកុង» ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា និងហុងកុង ព្រមទាំងពង្រឹងទំនាក់ទំនង និងការផ្លាស់ប្ដូរសកម្មភាពពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ដឹកនាំដោយលោក Leung Kwan Ho ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងសភាពាណិជ្ជកម្ម សមាគមពាណិជ្ជកម្ម និងធុរជនមកពីចម្រុះវិស័យប្រមាណ ១២០នាក់។

ជាកិច្ចចាប់ផ្ដើម លោក Leung Kwan Ho បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ អ្នកឧកញ៉ា គួន ធីតា និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ លោកបានថ្លែងថា សិក្ខាសាលានេះគឺជាវេទិកាប្រមូលផ្ដុំនូវធុរជនសំខាន់ៗមកពីគ្រប់វិស័យ និងផ្ដល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់អំពីឱកាសទីផ្សារថ្មី និន្នាការឧស្សាហកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេស ការកសាងបណ្ដាញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងដៃគូធុរកិច្ចដែលមានសក្ដានុពលផងដែរ។ បន្ថែមលើនេះ លោក Leung Kwan Ho បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរទាញយកឱកាស និងផលប្រយោជន៍ក្នុងការផ្គូផ្គងធុរកិច្ចទៅវិញទៅមកសម្រាប់កិច្ចសហការធុរកិច្ចនាពេលខាងមុខ។

ក្នុងឱកាសដ៏ពិសេសនេះ អ្នកឧកញ៉ា គួន ធីតា បានសម្ដែងក្ដីរីករាយ និងវាយតម្លៃខ្ពស់លើកិច្ចសហការរៀបចំសិក្ខាសាលានេះឡើង ដែលមិនត្រឹមតែជាការត្រួសត្រាយឱ្យមានការជួបជុំកសាងទំនាក់ទំនងធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាងសកម្មភាពជំរុញសកម្មភាពពាណិជ្ជកម្មបន្ថែមលើសកម្មភាពដែលស្ថាប័នទាំងពីរធ្លាប់សហការជាមួយគ្នាកន្លងមក ក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចទាំងពីរ។

លើសពីនេះ អ្នកឧកញ៉ា ក៏បានជម្រាបជូនអង្គពិធីទាំងមូលអំពីសាវតារ បេសកកម្ម និងតួនាទីស្នូលរបស់សមាគមឧកញ៉ាកម្ពុជា ដែលជាស្ថាប័នតែមួយគត់តំណាងឱ្យឧកញ៉ានៅកម្ពុជា និងជាបណ្ដុំធុរជន និងវិនិយោគិនមកពីចម្រុះវិស័យ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

សូមជម្រាបផងដែរថា ក្នុងឱកាសនៃសិក្ខាសាលានេះ សមាគមឧកញ៉ាកម្ពុជា ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួនពីរជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និង សមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា ក្នុងគោលបំណងពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្ដូរសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងលើកកម្ពស់កាលានុវត្តភាព និងបរិយាកាសធុរកិច្ចរវាងកម្ពុជានិងហុងកុង ដោយផ្ដោតលើកិច្ចសហប្រត្តិការលើ៣ចំណុចសំខាន់ៗ៖
១) ការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម
២) ការផ្ដល់កិច្ចសហការសម្របសម្រួលលើការរៀបចំព្រឹត្តិការណ៍លើកកម្ពស់ពាណិជ្ជកម្មនានា និង
៣) ការបង្កើតគំនិតផ្ដួចផ្ដើមនៃយុទ្ធសាស្ត្រទីផ្សារ និងលើកកម្ពស់ម៉ាកយីហោ។