អ្នកឧកញ៉ា សួរ វីរៈ ទទួលបានការព្រមព្រៀង និងគ្រោងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា តាមរយៈការចូលរួមបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសទាំងពីរ

សមាគមឧកញ៉ាកម្ពុជា

បន្ទាប់ពីបានចូលរួមក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់សហរដ្ឋអាម៉រិក និងកាណាដាកាលពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ា សួរ វីរៈ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា តាមរយៈបេសកកម្មនេះ អ្នកឧកញ៉ា និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា មានឱកាសបានជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន ក៏ដូចជាធុរជនជាច្រើននៅលើទឹកដីនៃប្រទេសទាំងពីរ ហើយជាពិសេស អ្នកឧកញ៉ា ផ្ទាល់បានឈានដល់ការព្រមព្រៀងជាមួយដៃគូដោយគ្រោងនាំចេញអង្ករកម្ពុជាដើម្បីលក់សាកល្បងនៅតាមទីផ្សារក្នុងប្រទេសទាំងពីរផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បញ្ជាក់ថា៖ «យើងបានព្យាយាមទៅជួបក្រុមហ៊ុនដែលផ្គត់ផ្គង់អង្ករ និងផលិតផលផ្សេងៗដែលលក់នៅតាមផ្សារទំនើប ផ្សារអាស៊ី នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា។ ពួកគាត់បានយល់ព្រមទទួលទិញយករាល់ផលិតផលខ្មែរទាំងអស់ដែលអាចនាំចេញទៅបានដើម្បីចែកចាយទូទាំងសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា ទៅតាមតំបន់ផ្សេងៗនូវគ្រប់ផលិតផលដូចជា អង្ករ ស្វាយចន្ទី និងផលិតផលសិប្បកម្មផ្សេងៗពាក់ព័ន្ធនឹងចំណីអាហារ។»

អ្នកឧកញ៉ាបានបន្ថែមថា៖ «ក្នុងនោះដែរ យើងបានព្រមព្រៀងគ្នានឹងនាំចេញអង្ករទៅកាន់សហរដ្ឋអាម៉េរិកចំនួន ១០កុងតឺន័រដំបូងហើយកាណាដាយើងនឹងសាកល្បងនាំចេញទៅ ១ទូកុងតឺន័រដំបូងនៅរដូវកាលថ្មីនេះ។ ដោយឡែក យើងក៏នឹងនាំអង្ករចេញទៅប្រទេសអូស្ត្រាលីចំនួន ៨ទូកុងតឺន័រ ដំបូងផងដែរ។» អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា ជាលទ្ធផលវិជ្ជមាននៃបេសកកម្មនេះដោយកម្ពុជាគាំទ្រច្រើនទៅលើផលិតកសិកម្ម និងសិប្បកម្ម ប៉ុន្តែជោគជ័យឬយ៉ាងណាគឺអាស្រ័យលើគុណភាពអង្ករនិងគុណភាពផលិតផលសិប្បកម្មរបស់យើងផ្សេងៗផងដែរ។

សូមបញ្ជាក់ថា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលបានចូលរួមក្នុងបេសកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសទាំងពីរនេះត្រូវបានដឹកនាំដោយ អ្នកឧកញ៉ា សៀ ឬទ្ធី ដោយរួមមានសមាសភាពដូចជា អ្នកឧកញ៉ា លី សុភាព, អ្នកឧកញ៉ា សួរ វីរៈ, ឧកញ៉ា លីម តារារិទ្ធ និងលោក អ៊ឹង វីរៈ៕