ស្ថាប័នអន្តរជាតិ Asia Bridge បង្ហាញឆន្ទៈជួយជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

លោក Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល បានបង្ហាញឆន្ទៈ ក្នុងការជួយជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបពិភាក្សារវាង ជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge បានឱ្យដឹងថា ជំនួបនេះ ដើម្បីពង្រឹងទំនាក់ទំនង និងស្វែងរកកិច្ចសហការជាមួយបណ្តាប្រទេសនៅអាស៊ី ហើយកម្ពុជា គឺជាគោលដៅលេចធ្លោមួយដែលទទួលបានការចាប់អារម្មណ៍។

លោក បានសម្តែងនូវការកោតសសើរខ្ពស់ចំពោះចក្ខុវិស័យរបស់កម្ពុជា ខណៈលោកក៏បង្ហាញពីឆន្ទៈយ៉ាងមោះមុតក្នុងការជំរុញកម្ពុជាជាមួយនឹងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសដែលមានចំណូលខ្ពស់។

លើសពីនេះ លោក ថែមទាំងបានបង្ហាញនូវការតាំងចិត្តក្នុងការពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជាដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះ ទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍ធុរកិច្ច និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនងជាមួយស្ថាប័ន Asia Bridge ផងដែរ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល ក៏បានជម្រាបបន្ថែមអំពីការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ និងការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែលលទ្ធផលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។លោកសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ នឹងកាន់តែប្រសើរឡើងនាពេលអនាគត។

សូមជម្រាបដែរថា ស្ថាប័ន Asia Bridge មានឈ្មោះពេញជាផ្លូវការគឺ “Asienbrücke e.V. – Euro-Asian-Initiative” ត្រូវបានបង្កើតឡើងនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងខែកញ្ញា ឆ្នាំ២០១៩។ ស្ថាប័ននេះមានគោលដៅចម្បង ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់ (និងសហភាពអឺរ៉ុប) ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក៕ អត្ថបទ៖ហ្សាលីន