សម្តេច ម៉ែន សំអន លើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ប្រើប្រាស់ផលិតផលក្នុងស្រុក បញ្ឈប់ការប្រើប្រាស់ទំនិញថៃ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ បានគាំទ្រ ជម្រុញ លើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ពិសេស រាល់សកម្មភាពរបស់ស្រ្តី ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដែលជាផលិតក្នុងស្រុក បញ្ឈប់ការប្រើប្រាស់ទំនិញថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ម៉ែន សំអន បានលើកឡើងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅទូទាំងប្រទេស តាមរយៈប្រព័ន្ធ ZOOM ដែលមានសមាសភាពចូលរួមចំនួនជាង ១ពាន់នាក់ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានគាំទ្រ ជម្រុញ និងលើកទឹកចិត្តដល់ពលរដ្ឋខ្មែរទាំងអស់គ្នា ពិសេស រាល់សកម្មភាពរបស់ស្រ្តី ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដែលជាផលិតក្នុងស្រុក បញ្ឈប់ការប្រើប្រាស់ទំនិញថៃ ដើម្បីស្ថេរភាព និងវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាពផង និងជាការប្រុងប្រយ័ត្នចំពោះទង្វើអគតិដោយការប្រើប្រាស់សារជាតិបំផ្លាញសុខភាពផង។

សូមជម្រាបជូនថា ពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផលក្នុងស្រុក កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ធ្លាប់បាននិងតែងតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ៕