បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កាលពីព្រឹកមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាង ឯកឧត្តម Mohamed Khaled Bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។

ក្រសួងការពារជាតិបានឱ្យដឹងថា ភាគីទាំងបីបានឯកភាពគ្នាក្នុងការបន្តខិតខំថែរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញរវាងប្រទេសកម្ពុជា និងថៃ តាមរយៈយន្តការសំខាន់ៗដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលព្រឹកមិញនេះ។ ភាគីកម្ពុជាក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាពរបស់ម៉ាឡេស៊ីក្នុងការជួយសម្របសម្រួលដល់ការចរចារវាងកម្ពុជា និងថៃកន្លងមក។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ តុលា ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១៖៣០នាទី នៅទីក្រុងកូឡាឡាំពួរ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕


