EU ឈានដល់ការអនុម័តហាមឃាត់ការនាំចូលឧស្ម័នរាវ ពីប្រទេសរុស្ស៊ី

អន្តរជាតិ

សហភាពអឺរ៉ុប (EU) ថ្មីៗនេះ ទើបតែបានអនុម័តនូវកញ្ចប់ទណ្ឌកម្មលើកទី១៩ ប្រឆាំងទៅនឹងប្រទេសរុស្ស៊ី រួមបញ្ចូលទាំងការហាមឃាត់ការនាំចូលឧស្ម័នរាវពីប្រទេសនេះ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៣ ខែតុលា EU បានឈានដល់ការអនុម័តជាផ្លូវការនូវកញ្ចប់ទណ្ឌកម្មលើកទី១៩ ប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ដោយសារតែបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ ហើយវិធានការមួយក្នុងចំណោមទណ្ឌកម្មថ្មីនេះ គឺជាការហាមឃាត់ការនាំចូលឧស្ម័នរាវ (LNG) របស់រុស្ស៊ី។

ដាណឺម៉ាក ដែលកាន់តំណែងជាប្រធានសហភាពអឺរ៉ុប បាននិយាយថា :”នេះគឺជាកញ្ចប់ទណ្ឌកម្មដ៏សំខាន់មួយ ដែលផ្តោតលើប្រភពចំណូលសំខាន់ៗរបស់ទីក្រុងម៉ូស្គូ តាមរយៈវិធានការថ្មីក្នុងវិស័យថាមពល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម”។

ការហាមឃាត់ឧស្ម័ន LNG នឹងត្រូវចូលជាធរមានជាពីរដំណាក់កាល ដោយកិច្ចសន្យារយៈពេលខ្លីនឹងបញ្ចប់បន្ទាប់ពីរយៈពេលប្រាំមួយខែ និងកិច្ចសន្យារយៈពេលវែងនឹងបញ្ចប់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។

យោងតាមរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បាននិយាយថា ការហាមប្រាមលើការនាំចូលឧស្ម័ន LNG ពីប្រទេសរុស្ស៊ី គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ការពឹងផ្អែកថាមពលសរុបរបស់ EU លើប្រទេសរុស្ស៊ី។ មុនពេលសង្រ្គាមនៅអ៊ុយក្រែន អឺរ៉ុបគឺជាអតិថិជនដ៏ធំបំផុតសម្រាប់ប្រេង និងឧស្ម័នរបស់រុស្ស៊ី៕​