ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) បានចូលរួមចំណែកបង្កើតសហគមអ្នកនាំចូល និងចែកចាយអេឡិចត្រូនិច ដើម្បីចូលរួមបង្កាអំពើររត់ពន្ធ ដែលធ្វើឱ្យបាត់បង់ចំណូលជាតិ។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោកឧកញ៉ា សុខ ពិសិដ្ឋ បានលើកឡើងថា លោកពិតជាមានមោទនភាពណាស់ ដែលបានចូលរួមចំណែកក្នុងការបង្កើតសហគមអ្នកនាំចូល និងចែកចាយអេឡិចត្រូនិច តាមរយៈសមាគមអេឡិចត្រូនិច និងបច្ចេកវិទ្យាកម្ពុជា (CETA) ដើម្បីនាំគ្នាចូលរួមបង្កាអំពើររត់ពន្ធ ដែលធ្វើឱ្យបាត់បង់ចំណូលជាតិជាច្រើន បង្កើតឱ្យមានការប្រកួតប្រជែងមិនស្មើភាពគ្នា និងបាត់បង់ភាពប្រកួតប្រជែងរបស់យុវជនជំនាន់ក្រោយ។
គួររំឭកថា កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
ការចេញបទបញ្ជាថ្មីនេះ គឺដោយសាររាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។
សូមជម្រាបថា ឧកញ៉ា សុខ ពិសិដ្ឋ ជាម្ចាស់ក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលបានបង្កើតឡើងជាង ១០ឆ្នាំ មកហើយ។ ក្រុមហ៊ុននេះ មានទិសដៅរួមគ្នាធ្វើយ៉ាងណាជំរុញឱ្យទីផ្សារអេឡិចត្រូនិចនៅកម្ពុជាមានភាពរីកចម្រើន ការរៀបចំរចនាសម្ព័ន្ធការងារ ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងជំនាញទន់ និងជំនាញរឹងទាំងឡាយ ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស ការរៀបចំ សាខាក្រុមហ៊ុនទាំងខេត្ត ក្រុងទាំងអស់ រួមទាំងការបំពេញកាតព្វកិច្ចច្បាប់ឱ្យបានពេញលេញ សម្រាប់ត្រៀមការវិនិយោគរយៈពេលវែង និងផ្ដល់ឱកាសអោយយុវជនជំនាន់ក្រោយអាចបញ្ចេញស្នាដៃរបស់ពួកគេដោយមោទនភាព និងភាពជឿជាក់៕





