ឧកញ៉ា លី ឆេង ប្រធានក្រុមប្រឹក្សាភិបាល ប៊ែលធី គ្រុប បានបង្ហើបឱ្យដឹងថា អគារស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប (BELTEI Group Headquarters) មានកម្ពស់ ៣២ជាន់ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ទើបតែសាងសង់រួចររាល់ និងបានដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗហើយ។

ការបញ្ជាក់របស់លោកឧកញ៉ាខាងលើនេះ ធ្វើឡើងក្នុងឱកាសលោកឧកញ៉ាទទួលស្វាគមន៍ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញទស្សនកិច្ចអគារស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប (BELTEI Group Headquarters) នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥។
លោកឧកញ៉ា លី ឆេង បានបញ្ជាក់ថា អគារស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប (BELTEI Group Headquarters) មានកម្ពស់ ៣២ជាន់ មានទីតាំងស្ថិតនៅ អគារលេខ១៧១ មហាវិថីនេហ៍រុ (២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបតែបានសាងរួចរាល់ និងបានដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗ និងបានបង្ហាញអំពីសក្តានុពលនៃការអភិវឌ្ឍន៍លើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឧកញ៉ា លី ឆេង បានរៀបចំពិធីសូត្រមន្ត និងប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី អគារស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប និងបាននិមន្ត ព្រះឧត្តមធម្ម សោម ស៊ីម ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរ អនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្ដប្រាសាទ ដើម្បីសូត្រមន្ត ប្រោះព្រំ លើករាសី ប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកទាំងអស់ នៃប៊ែលធី គ្រុប៕







