អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីមុិច អុិនវេសមេន គ្រុប បានជ្រើសរើសក្រុមហ៊ុន WATG (Wimberly Allison Tong & Goo) របស់សហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាទៅលើ គម្រោងអភិវឌ្ឍន៍ក្រុងបូកគោ លើវិស័យសំខាន់ៗមួយចំនួន ក្នុងគោលបំណងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមក្រុមហ៊ុនសូគីមុិច អុិនវេសមេន គ្រុប បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។

ក្រុមហ៊ុន WATG ជាក្រុមហ៊ុនរចនាពហុវិស័យមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើសកលលោក ដែលត្រូវបានបង្កើតឡើងនៅទីក្រុងហូណូលូលូ សហរដ្ឋអាមេរិក ឆ្នាំ ១៩៤៥ ហើយមានឯកទេសខ្ពស់ក្នុងវិស័យសណ្ឋាគារ កម្សាន្ត អភិវឌ្ឍន៍ទីក្រុង និងគម្រោងលំនៅដ្ឋានប្រណីត។
ក្រុមហ៊ុនសូគីមុិច អុិនវេសមេន គ្រុប បានឱ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការនេះ គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍន៍រយៈពេលវែងនៃឧទ្យានជាតិព្រះមុនីវង្សបូគោ នៅខេត្តកំពត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ផែនការគោលដៅសំខាន់ផ្តោតលើការ ការពារបរិស្ថាន អភិវឌ្ឍន៍លំនៅដ្ឋាន ពាណិជ្ជកម្ម វិស័យអប់រំ ស្ថាប័នផ្សេងៗទៀត ដើម្បីធានាអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់ បានបន្ថែមថា ដោយមានគោលនយោបាយគាំទ្រពីរាជរដ្ឋាភិបាល សន្តិភាព ស្ថិរភាពនយោបាយប្រកបដោយចីរភាព ក្រុមហ៊ុននឹងបន្តពង្រឹងការវិនិយោគ ដោយចូលរួមដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចទាំងក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ បានទទួលសិទ្ធិវិនិយោគ អភិវឌ្ឍន៍ ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ពីរាជរដ្ឋាភិបាលលើផ្ទៃដីមួយផ្នែកធំ ក្នុងរយៈពេលវែង ចាប់ពីឆ្នាំ២០០៩ ក្នុងគោលបំណងធ្វើការអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ ស្របតាមស្តង់ដាអន្តរជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ។ ថ្មីៗនេះ អ្នកឧកញ៉ា សុខ គង់ បានបង្ហើបឱ្យដឹងផងដែរថា រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនបានចំណាយទុនអស់ពី ៧០០ទៅ ៨០០លានដុល្លារហើយ ទៅលើការវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ៥ គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀត ដែលបម្រើឱ្យវិស័យទេសចរណ៍៕











