ទីម័រខាងកើត ចូលជាសមាជិកទី១១ របស់អាស៊ានជាផ្លូវការ ក្រោយពុះពារអស់ ១៤ឆ្នាំ

អន្តរជាតិ

ប្រទេសទីម័រខាងកើត ត្រូវបានប្រកាសចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ដោយក្លាយជារដ្ឋសមាជិកទី១១ របស់ប្លុកនេះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ១៤ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រពឹត្តិធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao បានប្រកាសនៅថ្ងៃនេះថា ៖”ប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើង” ខណៈពេលដែលមេដឹកនាំនៃប្រទេសអាស៊ានទាំង១០ បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការទទួលយកទីម័រខាងកើត ឲ្យចូលរួមនៅក្នុងប្លុក។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលប្រទេសរបស់លោកកំពុងកាន់តំណែងជាប្រធានអាស៊ាន បាននិយាយថា ៖”ការចូលជាសមាជិករបស់ទីម័រខាងកើត គឺជាការបំពេញបន្ថែមនៃគ្រួសារអាស៊ាន ដោយបញ្ជាក់ជាថ្មីនូវវាសនារួមរបស់យើង និងអារម្មណ៍មិត្តភាពយ៉ាងជ្រាលជ្រៅនៅក្នុងតំបន់របស់យើង”។

លោក Anwar បានសង្កត់ធ្ងន់ទៀតថា ៖”នៅក្នុងសហគមន៍នេះ ការអភិវឌ្ឍ និងស្វ័យភាពជាយុទ្ធសាស្ត្ររបស់ទីម័រខាងកើតនឹងត្រូវបានគាំទ្រយ៉ាងរឹងមាំ និងជាអចិន្ត្រៃយ៍”។

គួរឲ្យដឹងថាទីម័រខាងកើតបានក្លាយជាប្រទេសឯករាជ្យនៅឆ្នាំ២០០២ បន្ទាប់ពីបំបែកចេញពីប្រទេសឥណ្ឌូណេស៊ី។ ហើយនៅឆ្នាំ២០១១ ទីម័រខាងកើតបានដាក់ពាក្យសុំចូលរួមអាស៊ានជាលើកដំបូង។ ហើយការសិក្សាជាបន្តបន្ទាប់ត្រូវបានធ្វើឡើងដើម្បីវាយតម្លៃពីការត្រៀមខ្លួនរបស់ប្រទេសនេះ ទាក់ទងនឹងស្ថិរភាពនយោបាយ សមត្ថភាពសេដ្ឋកិច្ច និងការត្រៀមខ្លួនរបស់ស្ថាប័ន។

ជម្រាបជូនថា នៅឆ្នាំ២០២២ អាស៊ានបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់ទីម័រខាងកើត ដែលអនុញ្ញាតឱ្យប្រទេសនេះ ចូលរួមកិច្ចប្រជុំអាស៊ានទាំងអស់ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន និងវេទិកាពាក់ព័ន្ធផងដែរ៕​