យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងទេសចរណ៍ និងកីឡា បង្ហាញឲ្យដឹងថា ប្រទេសថៃ បានទទួលស្វគមន៍ភ្ញៀវទេសចរបរទេសនៅក្នុងចំនួនត្រឹម ២៤ លាននាក់ប៉ុណ្ណោះ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Strait Times។

ចាប់ពីថ្ងៃទី ១ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ការមកដល់របស់ភ្ញៀវទេសចរបទេស នៅក្នុងប្រទេសថៃ មានចំនួនសរុប ២៤ ១១៥ ៣២៨ នាក់ ពោលគឺបានថយចុះអស់ ៧,៥% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្នុងអំឡុងពេលនោះ ប្រទេសថៃ ទទួលបានប្រាក់ចំណូលសរុប ១,១ទ្រីលានបាត (ឬប្រមាណជាង ៣៣ពាន់លានដុល្លារ) ពីភ្ញៀវទេសចរបទេស ពោលគឺបានធ្លាក់ចុះអស់ ៥,៨៥% បើធៀបទៅនឹងឆ្នាំ២០២៤។
យ៉ាងណាមិញក្នុងចំណោមនោះ ភ្ញៀវទេសចរម៉ាឡេស៊ី នាំមុខគេ ក្នុងការចូលមកលេងកម្សាន្តនៅក្នុងប្រទេសថៃ ដោយមានចំនួនសរុប ៣,៤៧ លាននាក់ ធ្លាក់ចុះអស់ ៧,០៥% និងតាមពីក្រោយដោយ ចិន មានចំនួន ៣,៤១ លាននាក់ ធ្លាក់ចុះអស់ ៣៤,៩៧% ។
ជម្រាបជូនផងដែរថា យោងតាមក្រសួងទេសចរណ៍ ក៏បានរាយការណ៍ទៀតថា វិស័យទេសចរណ៍ក្នុងស្រុកបានឃើញការកើនឡើងជាវិជ្ជមាន ជាមួយនឹងការធ្វើដំណើរទេសចរណ៍ក្នុងស្រុកមានចំនួន ១៤៨,៧ លានដង ក្នុងអំឡុងពេល ៩ខែដំបូងនៃឆ្នាំ២០២៥ ពោលគឺបានកើនឡើង ២,៨៩%៕

