មិត្តលោក ត្រាំ ម្នាក់ បរិច្ចាគលុយ ១៣០លានដុល្លារ ដើម្បីជួយបើកប្រាក់ខែឲ្យទាហានអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បាននិយាយថា មិត្តភ័ក្តរបស់លោកម្នាក់ដែលមិនបានបញ្ចេញឈ្មោះ បានបរិច្ចាគទឹកប្រាក់ ១៣០លានដុល្លារ ដើម្បីជួយបើកប្រាក់ខែឲ្យកទ័ពអាមេរិក ក្នុងអំឡុងពេលរដ្ឋាភិបាលបិទដំណើរការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖”មិត្តភ័ក្តិម្នាក់បានទូរស័ព្ទមកខ្ញុំកាលពីថ្ងៃមុន ហើយបាននិយាយថា លោកចង់ទូទាត់សងសម្រាប់ឱនភាពណាមួយដែលបានបាត់បង់នៅពេលដែលរដ្ឋាភិបាលបិទទ្វារដោយសារតែបក្ស Democrats។ លោកបាននិយាយទៀតថា លោកបានធ្វើវាដោយសារតែលោកស្រឡាញ់យោធា និងប្រទេសរបស់លោក”។

ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយទៀតថា ក្រោយមកលោកក៏ទទួលបានមូលប្បទានប័ត្រចំនួន ១៣០លានដុល្លារ ប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណរបស់អ្នកបរិច្ចាគនោះឡើយ ដោយតបតាមសំណើរបស់ម្ចាស់ជំនួយនោះ។

យ៉ាងណាមិញ យោងតាមមន្ទីរបញ្ចកោណបានប្រកាសនៅថ្ងៃទី២៤ ខែតុលាថា ខ្លួនបានទទួលអំណោយពីជនអនាមិកចំនួន ១៣០លានដុល្លារ ក្រោមច្បាប់ទទួលយកអំណោយទូទៅរបស់ទីភ្នាក់ងារ។ លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ៖”អ្នកបរិច្ចាគបានផ្ទេរប្រាក់ដោយមានលក្ខខណ្ឌថា វាត្រូវតែប្រើសម្រាប់ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍យោធា”។

ជម្រាបជូនថា រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានបិទទ្វារចាប់តាំងពីថ្ងៃទី១ ខែតុលា មកម្លេះ បន្ទាប់ពីសភាបានបរាជ័យក្នុងការអនុម័តសេចក្តីព្រាងច្បាប់ថវិកា ដែលភាគច្រើនដោយសារតែការមិនចុះសម្រុងគ្នាទាក់ទងនឹងថា តើត្រូវរក្សាច្បាប់ថែទាំសុខភាពដែលមានតម្លៃសមរម្យដើម្បីរក្សាការចំណាយធានារ៉ាប់រងសុខភាពឲ្យទាប ឬអត់។ ហើយក្នុងអំឡុងពេលបិទទ្វារនោះ មន្ត្រីនានាមិនទទួលបានប្រាក់ខែនោះឡើយ៕​